កាមេរ៉ាសុវត្ថិភាព ថតបានរូបភាពចោរម្នាក់ ដើរចូលទៅក្នុងហាងលក់ចាប់ហួយ មុននឹងស្ទុះចូលទៅចាប់ក្រៀកកម្ចាស់ហាងប្រុងអារកសម្លាប់ ខណៈនោះឯង លោកសង្ឃក្នុងវត្តខូតហ៊ីន ខេត្តរ៉ាក់យ៉ង បានឮសំឡេងស្រែកឱ្យជួយ ក៏សម្រេចចិត្តផ្លោះរបងវត្តកម្ពស់ ៣ម៉ែត្រ រត់ចូលទៅជួយអ៊ំស្រីម្ចាស់ហាងចាប់ហួយបានទាន់ពេលវេលា។
តាមរយៈករណីហ្វេសប៊ុកឈ្មោះ Phudit Klaoklong ដែលបានផូស្តឃ្លីបវីដេអូពីកាមេរ៉ាសុវត្ថិភាព ខណៈម្ដាយរបស់គេកំពុងត្រូវចោរម្នាក់ក្រៀកកក្នុងបំណងប្លន់នៅក្នុងហាងលក់ចាប់ហួយ ដោយមានសរសេរ Caption ថា “អ្នកណាបានឃើញអាអ្នកដែលចូលមកធ្វើបាបម្ដាយខ្ញុំនៅក្នុងឃ្លីបនេះ សូមជួយផ្ដល់ដំណឹងមកខ្ញុំផង”។

ហេតុការណ៍នេះ កើតឡើងនៅក្នុងហាងលក់ចាប់ហួយមួយកន្លែង ដែលស្ថិតនៅក្នុងទីប្រជុំជនវត្តខូតហ៊ីន ឃុំនើនផ្រះ ស្រុកមឿង ខេត្តរ៉ាក់យ៉ង ដោយមានស្ត្រីឈ្មោះ សាំភៅ អាយុ ៦០ឆ្នាំ ជាម្ចាស់ហាងដែលត្រូវចោរចាប់ក្រៀកក និងធ្វើបាបលើរាងកាយ។
អ៊ំស្រីសាំភៅ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ នៅពេលរសៀលខ្លួនកំពុងឈររៀបចំរបស់របរ ចំណែកកូនស្រីនៅក្នុងបន្ទប់។ សុខៗស្រាប់តែមានបុរសម្នាក់ដែលមានរូបរាងដូចនៅក្នុងឃ្លីប បានសម្រុកចូលមកចាប់ខ្លួនគាត់ក្រៀកក និងព្យាយាមប្រុងអារកគាត់ ព្រមទាំងស្រែកគំរាមថា “ង៉ែងធ្វើដាក់អញមុន!! ង៉ែងធ្វើដាក់អញមុន!!”
នៅពេលនោះខ្លួនបានខំប្រឹងស្រែកឱ្យគេជួយយ៉ាងខ្លាំងៗ ហើយកូនស្រីបានរត់ចេញមក ពេលឃើញខ្លួនកំពុងត្រូវចោរវាយធ្វើបាប ក៏ស្រវាយកឈើអំបោសវាយទៅលើចោរ តែចោរក៏នៅតែមិនព្រមលែង រហូតដល់លោកសង្ឃវត្តខូតហ៊ីន ផ្លោះរបងរត់ចូលមកជួយ ទើបចោរលែងដៃ ហើយរត់គេចចេញបាត់ទៅ។
អ៊ំសាំភៅ បានប្រាប់ថា ខ្លួនរងរបួសពេញរាងកាយ និងនៅលើផ្ទៃមុខជាច្រើនកន្លែង។ នៅពេលសួរថា តើធ្លាប់ឃើញមុខចោរនោះពីមុនមកទេ? អ៊ំសាំភៅ ប្រាប់ថា ធ្លាប់ឃើញមកទិញអីវ៉ាន់យូរមកហើយ ដល់ជួបម្ដងទៀត ក៏ស្រាប់តែមកប្លន់គាត់នៅថ្ងៃហ្នឹងតែម្ដង។

ចំណែកលោកសង្ឃវត្តខូតហ៊ីន ដែលតោងឡើងរបងវត្ត ផ្លោះ រត់ចូលមកជួយអ៊ំសាំភៅ បានទាន់ពេលនោះ មានព្រះនាមថា ខ្វាន់មឿង បានរៀបរាប់ថា ពេលកើតហេតុ លោកកំពុងធ្វើការនៅក្នុងវត្ត ជិតរបងទល់មុខនឹងហាងលក់ចាប់ហួយតែម្ដង។ ពេលកំពុងធ្វើការ ក៏ស្រាប់តែបានឮសំឡេងស្រែកឡូឡា ស្រដៀងមនុស្សឈ្លោះគ្នា ក៏ងាកទៅមើល ឃើញញោមសាំភៅ កំពុងត្រូវចោរធ្វើបាប ក៏ស្ទុះឡើងរបងវត្តកម្ពស់ ៣ម៉ែត្រនោះ រត់ចូលទៅជួយ ចំពេលដែលចោររត់ចេញមកវិញ ដោយចោរបានលើកកាំបិតចង្អុលមុខសម្លុតថា “វាធ្វើដាក់អញមុន!! វាធ្វើដាក់អញមុន!!” ហើយក៏រត់គេចគេចខ្លួនបាត់ទៅ។
ចំណែកនាង ហាក់រឺមុន អាយុ ៣៣ឆ្នាំ កូនស្រីម្ចាស់ហាងចាប់ហួយ បានបន្ថែមថា ខណៈពេលកើតហេតុ ខ្លួនកំពុងនៅក្នុងបន្ទប់ បានឮសំឡេងមនុស្សស្រែកឡូឡា មិនគិតថា ជាម្ដាយរបស់ខ្លួនឯងទេ ព្រោះនៅម្ដុំៗហ្នឹង តែងមានមនុស្សឈ្លោះគ្នាជាប្រចាំស្រាប់ទៅហើយ។
លុះពេលឮកាន់តែខ្លាំងឡើង ក៏រត់ចេញមកមើល ក៏ស្រាប់តែភ្ញាក់ព្រើត “ចុំ!? ហ្នឹងម៉ែអញតើ!?” ពេលនោះ ចោរកំពុងចាប់ក្រៀកកម៉ែ ផ្ដួលទៅលើឥដ្ឋ ខ្លួនក៏ស្រវាបានឈើអំបោស វាត់ផាំងៗ ៤-៥ផាំង រួចលោកសង្ឃក៏រត់ចូលមកដល់ល្មម ចោរក៏លែងដៃពីម៉ែ ហើយរត់គេចខ្លួនបាត់ទៅ៕




