Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ ខ្មោចលង?? កូនលេងក្ឌុងក្ឌាំងក្នុងបន្ទប់ ម្ដាយប្រុងចូលទៅស្ដីឱ្យ តែពេលទៅដល់ ឃើញគេងលក់ទាំងអស់ លុះបើកកាមេរ៉ាសុវត្ថិភាពមើល…ព្រឺក្បាលខ្ញាក

ម្ដាយឆួលចុងច្រមុះ ព្រោះយប់ជ្រៅហើយ កូនៗនៅតែលេងឮសូរក្ឌុងក្ឌាំងឥតឈប់ គិតថានឹងចូលទៅស្ដីឱ្យ តែបែរជាឃើញគេងលក់នៅលើគ្រែទាំងអស់ លុះបើកកាមេរ៉ាសុវត្ថិភាពមើល ស្រាប់តែព្រឺក្បាលខ្ញាក!

អ្នកស្រី ខេឡា ជាស្ត្រីមេផ្ទះរស់នៅក្នុងរដ្ឋយូថា សហរដ្ឋអាមេរិក បានឮសូរសំឡេងខុសប្រក្រតីនៅក្នុងបន្ទប់គេងរបស់កូនពេលយប់ជ្រៅ…ពីដំបូងគាត់គិតថា ប្រហែលជាកូនចិញ្ចឹមទាំង ៣នាក់ នាំគ្នាលេងច្របូកច្របល់ពេញក្នុងបន្ទប់ហើយមើលទៅ ក៏បើកទ្វារចូលទៅ ដើម្បីហាម ព្រោះយប់ជ្រៅហើយ…តែពេលចូលទៅដល់ បែរជាឃើញកូនប្រុស ២នាក់កំពុងគេងលក់យ៉ាងស្ងប់ស្ងាត់នៅលើគ្រែ និងមានតែ ដេវីដ កូនចិញ្ចឹមវ័យ ៧ឆ្នាំម្នាក់ប៉ុណ្ណោះដែលមិនទាន់គេងលក់ ហើយថែមទាំងឃើញប្រអប់ដាក់ប្រដាប់លេង លេកូ ធ្លាក់ខ្ចាត់ខ្ចាយនៅលើកម្រាលឥដ្ឋទៀតផង ធ្វើឱ្យនាងគិតថា ប្រហែលជាដេវីដ លួចលេងម្នាក់ឯងកណ្ដាលយប់ហើយមើលទៅ។

តែយ៉ាងណាក្ដី ដេវីដបានប្រញាប់បដិសេធ និងប្រាប់ថា ពេលមុនហ្នឹង គេកំពុងគេងលក់ មិនបានលេងអ្វីទាំងអស់ “ខ្ញុំអត់មានបានធ្វើអ្វីទេ ឱ្យខ្ញុំស្បថក៏បានដែរថា ខ្ញុំអត់បានប៉ះពាល់វាទេ”

ពេលឮបែបហ្នឹង ខេឡា ក៏សម្រេចចិត្តស្វែងរកការពិត តាមរយៈកាមេរ៉ាសុវត្ថិភាពដែលនៅក្នុងបន្ទប់គេងរបស់កូន រួចហើយនាងក៏បានជួបនឹងរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលមើលឃើញប្រអប់ដាក់របស់លេង លេកូ ដែលទុកនៅលើខ្នងទូក្បែរគ្រែគេងនោះ បានជ្រុះធ្លាក់មកលើកម្រាលឥដ្ឋដោយឯកឯងយ៉ាងមិនដឹងមូលហេតុ បង្កជាសំឡេង ឮក្ឌុងក្ឌាំង ដាស់ដេវីដដែលកំពុងគេងលក់នោះ ឱ្យស្ទុះភ្ញាក់ឡើង រួចប្រញាប់ទាញភួយយកមកគ្របខ្លួនជិតឈឹងតែម្ដង ខណៈដែល ចន វ័យ ៧ឆ្នាំ និងប៉ូល អាយុ ៥ឆ្នាំ នៅតែលង់លក់ដដែល។

រូបភាពបាតុភូតចម្លែកខុសធម្មតា ដែលបានឃើញនេះ ធ្វើឱ្យខេឡា ព្រឺក្បាលខ្ញាកឡើងតែម្ដង នាងប្រញាប់ទូរស័ព្ទទៅរកគូស្នេហ៍ ដែលមិនជឿរឿងខ្មោចព្រាយបិសាច ដើម្បីឱ្យមកសាកល្បងជួយមើលឃ្លីបរបស់ហេតុការណ៍នេះ តែគូស្នេហ៍របស់នាង ក៏មិនអាចផ្ដល់ចម្លើយខាងវិទ្យាសាស្ត្រពាក់ព័ន្ធនឹងរឿងនេះបានដូចគ្នា និងធ្វើឱ្យនាងមិនអាចបិទភ្នែកសម្ងំគេងបានឡើយពេញ ១យប់នោះ។

ទាំងអស់នេះ ខេឡា បានប្រាប់បន្ថែមទៀតថា ក្រោយពីនាងបានរើអីវ៉ាន់ចូលមកនៅក្នុងបន្ទប់អាផាតមិនត៍នេះជាមួយគូស្នេហ៍ ក្នុងអំឡុងពេល ៩ខែកន្លងមកនោះ មានហេតុការណ៍មិនគួរឱ្យជឿជាច្រើន បានកើតឡើង។ នាងតែងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់តាមសម្លក់សម្លឹងមើលនាងខាងក្រោយខ្នង និងពេលខ្លះ នាងបានឮសូរសំឡេងក្មេងៗខ្សិបខ្សៀវគ្នា តែពេលបែរទៅមើលកូនចិញ្ចឹមទាំងអស់ ឃើញថា ពួកគេកំពុងតែអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ទៅវិញ លុះទៅបើកកាមេរ៉ាសុវត្ថិភាពមើល បែរជាមិនឃើញមានអ្វីទាំងអស់៕

×