មួយរយៈពេលចុងក្រោយនេះ ព័ត៌មានទាក់ទងភាពអសន្តិសុខ ដែលបង្កឡើងដោយពួកក្មេងទំនើង នៅខេត្តតាកែវ គឺល្បីល្បាញខ្លាំងណាស់។ តែបើទោះជាករណីនេះ ត្រូវបានមហាជនស្ទើរពេញមួយប្រទេសរិះគន់យ៉ាងណា ក៏អាជ្ញាធរខេត្តនេះ ហាក់គ្មានចំណាត់ការបង្រ្កាបម៉ឺងម៉ាត់សោះឡើយ ពោលគឺអសមត្ថភាពខ្លាំងបំផុត ដែលជាហេតុធ្វើឲ្យពួកក្មេងពាលទាំងអស់នោះ មិនខ្លាចញញើតដោយនៅតែបន្តបង្កអសន្តិសុខយ៉ាងអណាធិបតេយ្យដដែល។ ជាពិសេសនោះ គឺស្នងការខេត្តតាកែវ តែម្តង មិនមានវិធានការបង្រ្កាបក្មេងទំនើងទេ តែបែរជានិយាយថា មកពីអ្នកដំណើរត្រូវរងគ្រោះថ្នាក់ដោយសារដុំថ្មពួកវា ជួប «ស៊យ» ទៅវិញ ដែលលឺហើយហួសចិត្តខ្លាំងបំផុត។
ជាក់ស្តែង ថ្មីៗនេះ ករណីនេះបានកើតឡើងនៅខេត្តតាកែវ ទៀតហើយ ដែលបង្កឡើងដោយក្រុមក្មេងស្ទាវស្ថិតក្នុងឯកសណ្ឋានសិស្សសាលា ប្រដាប់ដោយដុំថ្ម ដេញគប់គ្នាជាមួយក្មេងស្ទាវមួយក្រុមទៀត ឡើងប្រសាចពេញផ្លូវ ដោយមិនខ្លាចញញើតឡានម៉ូតូ ដែលកំពុងធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ជាពិសេសមិនខ្លាចជាមួយសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានសូម្បីបន្តិចសោះឡើយ។
នេះបើតាមពលរដ្ឋម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ ភី ធារី សំអាងការ ដែលបើករថយន្តឆ្លងកាត់ ទាំងព្រួយបារម្ភសុវត្តិភាពខ្លាច «ស៊យ» ត្រូវដុំថ្ម បានថតវីដេអូស្តែងៗ រៀបរាប់យ៉ាងដូច្នេះថា៖ «ឮតែគេថាឃើញតែផុស ថ្ងៃនេះឃើញផ្ទាល់ភ្នែកស្ដែងៗ នៅម្ដុំផ្សារថ្នល់បត់ តាកែវ ទៀតហើយ (បងប្អូន ខ្ញុំសុំបញ្ជាក់ ខ្ញុំអត់ស្អប់ ឬម៉ៅអ្នកតាកែវអាក្រក់ទាំងអស់ទេណា អ្នកល្អគឺគាត់ល្អណាស់ អ្នកអាក្រក់មានមិនច្រើនទេ ខ្ញុំស្គាល់អ្នកខេត្តតាកែវ សុទ្ធតែជាមនុស្សល្អទាំងអស់)»។
ទោះជាយ៉ាងណា ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាមានចំណាត់ការដ៏មានប្រសិទ្ធភាព ដើម្បីបង្រ្កាបក្រុមក្មេងពាលទាំងនេះ កុំឲ្យដើរបង្កភាពអនាធិបតេយ្យ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរយ៉ាងខ្លាំង ពិសេសកុំមហាជនរិះគន់ថា «សមត្ថកិច្ចខេត្តតាកែវស្រួលណាស់ ដេកស៊ីតែប្រាក់ខែរដ្ឋទេ តែប្រជាពលរដ្ឋគ្មានសុវត្ថិភាព» នោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







