Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្ដាលី អាមេរិក និង ចក្រភពអង់គ្លេស បង្ហាញគម្រោងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់ប្រឈមនឹងចិន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល ក្រុងប៉េកាំង បានធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័ស ហើយកំពុងតែបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ផងនោះ សហរដ្ឋអាមេរិក បានបង្កើតសន្ធិសញ្ញា ឬ កតិកាសញ្ញាជាច្រើន ជាមួយនឹងសម្ពន្ធមិត្ត ដោយផ្ដោតយ៉ាងសំខាន់ ទៅលើការធានានូវសន្ដិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយឥឡូវនេះ មេដឹកនាំកតិកាសញ្ញាសន្ដិសុខត្រីភាគី ដែលគេស្គាល់ ថា AUKUS (អូកខឺស) បានបង្ហាញ អំពីគម្រោងជាច្រើន សម្រាប់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថា មេដឹកនាំរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានប្រកាសព័ត៌មានលម្អិត អំពីវិធីសាស្រ្ដ ដែលអូស្រ្ដាលី នឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលបរមាណូ ក្រោមកតិកាសញ្ញាសន្ដិសុខ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្ហាញ អស់រយៈពេល១៨ខែជាលើកដំបូងមកនេះ។

កតិកាសញ្ញាសន្ដិសុខត្រីភាគី ដែលស្គាល់ ថា AUKUS នេះ មានប្រទេសចំនួន៣ ជាសមាជិក រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី។ កិច្ចព្រមព្រៀងនេះ មានគោលបំណងរក្សាឲ្យបាននូវសេរីភាព និង បើកចំហ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រោមកិច្ចព្រមព្រៀង AUKUS នេះ អូស្រ្ដាលី នឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចំនួន៣គ្រឿង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden), នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាតូនី អាល់បាណេស (Anthony Albanese) បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ខណៈមេដឹកនាំទាំងនេះ បានជួបប្រជុំគ្នា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ អូស្រ្ដាលី ក៏នឹងមានជម្រើសទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន២គ្រឿងបន្ថែមទៀត ក្រោយពេលមានកិច្ចព្រមព្រៀងជាលើកដំបូង ដែលគ្រោង សម្រាប់ដើមទសវត្សរ៍ឆ្នាំ២០៣០។

ទន្ទឹមគ្នានេះ ចិន ទើបតែទទួលបានសេចក្តីអះអាងនោះ កាលពីថ្ងៃចន្ទ ដោយមើលឃើញ ថា កិច្ចព្រមព្រៀងសន្តិសុខនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្ត ដោយប្រទេសទាំង៣នេះ ដើម្បីឆ្លើយតបទៅនឹងកម្លាំងយោធារបស់ក្រុងប៉េកាំង ដែលកំពុងកើនឡើង និង វត្តមានដ៏រឹងមាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រមព្រៀងនេះ រាប់បញ្ចូលទាំងការប្ដេជ្ញាចិត្ត ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការ កសាងសមត្ថភាពស៊ើបអង្កេតសិប្បនិមិត្ដ អាវុធមានល្បឿនលឿនជាងសំឡេង និង បច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងៗទៀត។

ថ្លែងចេញពីមូលដ្ឋានកងទ័ពជើងទឹក Point Loma (ផញឡូម៉ា) ស្ថិតក្នុងទីក្រុងសាន់ឌាហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានហៅពេលវេលានេះ ថា «វាជាចំណុចឆ្លងកាត់ នៅក្នុងប្រវត្តិសាស្ត្រ ខណៈការខិតខំប្រឹងប្រែង ពង្រឹងនូវការរារាំង និង ការលើកកម្ពស់ស្ថិរភាព កំពុងតែបង្កផលប៉ះពាល់ដល់ការរំពឹងទុក សម្រាប់សន្តិភាព សម្រាប់រយៈពេលរាប់សិបទសវត្សរ៍ ទៅខាងមុខទៀត»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់នាយករដ្ឋមន្រ្ដីអូស្រ្ដាលី និង ចក្រភពអង់គ្លេស ថា «ខ្ញុំមានមោទកភាពខ្លាំងណាស់ ក្លាយជាមិត្ដរួមនាវាជាមួយគ្នា»។

ទន្ទឹមនឹងនេះ លោក រីស៊ី ស៊ូនាក់ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានលើកឡើង អំពីបញ្ហាប្រឈម កំពុងកើនឡើង រួមទាំងការលុកលុយ ដោយខុសច្បាប់របស់រុស្ស៊ី ទៅលើអ៊ុយក្រែន ការអះអាងរបស់ចិនកាន់តែខ្លាំងឡើង ទៅលើសមុទ្រចិនខាងត្បូង អាកប្បកិរិយាបង្កអស្ថិរភាពរបស់អ៊ីរ៉ង់ និង កូរ៉េខាងជើង។

លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ ថា «ការប្រឈមមុខនឹងការពិតថ្មីបែបនេះ វាពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ យើងពង្រឹងនូវភាពធន់ សម្រាប់ប្រទេសរបស់យើង។ ប៉ុន្តែចុងក្រោយ កិច្ចការពារតម្លៃរបស់យើង ពឹងផ្អែកលើអ្វីៗ ដូចដែលយើងតែងតែមាន គឺលើគុណភាពលើទំនាក់ទំនងរបស់យើង ជាមួយបណ្ដាប្រទេសផ្សេងៗទៀត»។

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់ជាដដែល ថា កិច្ចព្រមព្រៀងត្រីភាគី AUKUS នេះ ជាការបង្កើតគំនិតសង្គ្រាមត្រជាក់ ហើយវាជាការប្រថុយប្រថាន នឹងការបង្កើនជម្លោះឲ្យកាន់តែខ្លាំងឡើង នៅក្នុងតំបន់។

បើតាមផែនការចេញផ្សាយ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានឲ្យដឹង ថា នៅដើមទសវត្សរ៍ ឆ្នាំ២០៣០ នឹងងរង់ចាំការយល់ព្រម ពីសភាអាមេរិក ហើយក្រុងវ៉ាស៊ីនតោន នឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Virginia-class ចំនួន៣ គ្រឿង មានតម្លៃប្រមាណ៣ពាន់លានដុល្លារ ទៅឱ្យប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះ អូស្រ្ដាលី និង ចក្រភពអង់គ្លេស នឹងចាប់ផ្ដើមសាងសង់នាវាមុជទឹក ម៉ូដែលថ្មីជាមួយនឹងបច្ចេកវិទ្យា និង ការគាំទ្រ ពីសហរដ្ឋអាមេរិក។ រីឯចក្រភពអង់គ្លេស ត្រូវគេរំពឹង ថា បញ្ចេញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ សាងសង់ក្នុងប្រទេស ជាលើកដំបូង នៅចុងទសវត្សរ៍ ២០៣០ ខណៈអូស្ដ្រាលី នឹងបញ្ចេញនាវាមុជទឹកថ្មី ទៅឲ្យកងទ័ពជើងទឹករបស់ខ្លួន នៅដើមទសវត្សរ៍ ២០៤០៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×