ងាកមកចាប់អារម្មណ៍ «អធិរាជលើដងផ្លូវ» វិញម្តង នោះការច្នៃធុងបាស់ លេងស៊ីប្លេ លេងភ្លើងហ្វា ភ្លើងញាក់ ជាពិសេសការបើកបរយ៉ាងអាណាធិបតេយ្យ ឲ្យតែមានប្រឡោះដឹងតែជ្រែទៅហើយ តែដល់ពេលប៉ះគេអាងលុតជង្គង់លើកដៃសំពះ គឺតែងត្រូវបានប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែក ទៅលើក្រុមរត់កង់បី (PassApp) ដែលជាស្ទាវៗតែម្តង ដោយមិនខ្វល់ពីការបង្កការរំខាន និងប៉ះពាល់ការបើកបររបស់អ្នកដំណើរដទៃឡើយ។
ជាក់ស្តែង វីដេអូថ្មីមួយ ដែលត្រូវបានថតដោយអ្នកដំណើរម្នាក់ រួចបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញក្រុមម៉ូតូកង់បីចំនួន៣គ្រឿង ដែលច្នៃដាក់ភ្លើងហ្វា លេងស៊ីប្លេលាន់ឮខ្លាំងៗ និងសូម្បីបំពាក់បន្ថែមស៊ីរ៉ែនពន្លត់អគ្គីភ័យដ៏ចម្លែក បើកបរនៅក្នុងរាជធានីភ្នំពេញ រកស៊ីនាពេលរាត្រី បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំង ពីសំណាក់អ្នកដំណើរ។
ពិតណាស់ ការកែច្នៃលេងភ្លើងហ្វា ភ្លើងលំអរញាក់ លេងស៊ីប្លេ និងស៊ីរ៉ែនពន្លត់អគ្គីភ័យ ដ៏ហួសចិត្តបំផុតនេះ គឺធ្វើឲ្យប៉ះពាល់ដល់ការបើកបររបស់អ្នកដំណើរដទៃយ៉ាងខ្លាំង ព្រោះថា ទី១-ភ្លើងហ្វា និងភ្លើងញាក់ គឺធ្វើឲ្យចាំងភ្នែកពិបាកក្នុងការមើលឃើញផ្លូវខាងមុខយ៉ាងខ្លាំង, ទី២- ស៊ីប្លេដ៏លាន់ឮ គឺធ្វើឲ្យភ្ញាក់ ដែលអ្នកបេះដូងខ្សោយអាចគាំងក៏ថាបាន និងទី៣ ស៊ីរ៉ែន គឺធ្វើឲ្យម្នាក់ៗភ័យរត់គេចចូលអែបខាង ព្រោះស្មានតែឡានទឹកពន្លត់អគ្គីភ័យ ដែលកំពុងសុំផ្លូវ។
យ៉ាងណាមិញ ការលេងភ្លើង និងស៊ីរ៉ែននេះផងដែរ គឺផ្ទុយទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង។ នេះបើយោងតាមមាត្រា៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងនៅក្នុងចំណុចទី២ថា «សញ្ញាសូរស័ព្ទពិសេស គឺជាសញ្ញាសូរស័ព្ទបន្ថែមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ ឬ ពន្លត់អគ្គិភ័យដែលមានបន្ថែមសំឡេងស៊ីរ៉ែនរោទ៍។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបន្ថែមសំឡេងរោទ៍ពីរដងឡើងចុះៗ»។
បន្ថែមលើនេះ ក្នុងមាត្រា៣១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដដែល ក៏បានបញ្ជាក់ឲ្យដឹងថា «ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬ ភ្លើងលំអរផ្សេងៗទៀតក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ ត្រូវបានហាមឃាត់»។
ចុះពួកម៉ូតូកង់បីទាំងនេះវិញ មានតួនាទីអ្វីដែរ? ជុំវិញករណីនេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការទៅលើក្រុមកង់បីទាំងនេះផង ដែលលេងភ្លើងហ្វា លេងស៊ីប្លេលាន់ឮ និងបំពាក់ស៊ីរ៉ែនដ៏អស្ចារ្យ កំពុងបើកបរបង្កការរំខាន យ៉ាងអាណាធិបតេយ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





