Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីធនាគារជាតិនៃកម្ពុជា៖ ទ្រព្យសកម្មសរុបក្នុងប្រព័ន្ធធនាគារ មានកំណើន ១២,៥ភាគរយ គិតត្រឹមខែមករា ឆ្នាំនេះ

ភ្នំពេញ៖ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៣នេះ ទំហំទ្រព្យសកម្មសរុបក្នុងប្រព័ន្ធធនាគារ មានចំនួន ៧៨,៧ពាន់លានដុល្លារអាម៉េរិក មានកំណើន ១២,៥ភាគរយ បើធៀបត្រឹមខែមករាកាលពីឆ្នាំមុន។

គិតត្រឹមខែមករា ឆ្នាំនេះ ធនាគារ បានផ្តល់ប្រាក់កម្ចីដល់អតិថិជនចំនួន ៣,៨លាននាក់ និងគណនីប្រាក់បញ្ញើចំនួន ១៥,៨ លានគណនី ក្នុងទំហំប្រាក់បញ្ញើសរុបមានចំនួន ៤២,៧ពាន់លានដុល្លារអាម៉េរិក មានកំណើន ៩ភាគរយ និងមានបណ្ដាញប្រតិបត្តិការនៅទូទាំងផ្ទៃប្រទេសកម្ពុជា។ ក្នុងនោះ កម្ចីឥណទានសរុបមានចំនួន ៥៥,២ពាន់លានដុល្លារអាម៉េរិក មានកំណើន ១៧,៣ភាគរយ នៃទំហំទ្រព្យសកម្មសរុបក្នុងប្រព័ន្ធធនាគារ មានចំនួន ៧៨,៧ពាន់លានដុល្លារអាម៉េរិក។​

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានលើក​ឡើង ក្នុងពិធីប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជមួយនៅភ្នំពេញ។

ឯកឧត្តម បានលើកឡើងបន្តថា វិស័យធនាគារមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ច្បាស់លាស់សម្រាប់វិស័យធនាគារ ដើម្បីបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន ដែលបច្ចុប្បន្នប្រព័ន្ធធនាគារមានសុខភាពល្អ ដោយស្ថានភាពដើមទុនបម្រុងសន្ទនីយភាពក្នុងកម្រិតគ្រប់គ្រាន់ ហើយឥណទានមិនដំណើរការមានកម្រិតទាប។

ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីពង្រឹងភាពធន់នឹងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជានៅតែបន្តដាក់ចេញក្របខ័ណ្ឌបទប្បញ្ញត្តិប្រុងប្រយ័ត្ននានាស្របតាមនិយាមអន្តរជាតិ ជាពិសេសស្របតាមបរិបទនៃការរីកចម្រើនរបស់វិស័យធនាគារនៅកម្ពុជា និងវិធីសាស្ត្រនៃការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នយើងកំពុងអនុវត្តតាមការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត តាមរយៈការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវាយតម្លៃប្រសិទ្ធភាពនៃអភិបាលកិច្ច និងការវាយតម្លៃ សំខាន់ៗផងដែរ។

ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងក្របខ័ណ្ឌនៃកិច្ចការពារអតិថិជនដោយបង្កើនប្រសិទ្ធភាពអនុវត្តយន្តការសម្របសម្រួល ដោះស្រាយបណ្ដឹងអតិថិជន តាមរយៈទូរស័ព្ទហតឡាញរបស់ធនាគារជាតិនៃកម្ពុជា ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ព្រមទាំងបន្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ក្នុងនាមអាជ្ញាធរត្រួតពិនិត្យបន្តរក្សាបាននូវភាពធន់ ភាពរឹងមាំ និងវឌ្ឍនភាពក្នុងប្រព័ន្ធធានាគារតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធទូទាត់ប្រកបដោយទំនើបកម្ម និងការដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ និងទាន់ពេលវេលា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើប្រព័ន្ធធនាគារ ដូចជា បង្កើតភាពធន់នឹងវិបត្តិនិងការកាត់បន្ថយបាននូវហានិភ័យជាប្រព័ន្ធ៕

×