Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និសីទអន្តរជាតិ បង្ហាញពីលទ្ធផលការងាររយៈពេល ១០ឆ្នាំ ជាមួយដៃគូអភិវឌ្ឍន៍ ជុំវិញប្រាសាទព្រះវិហារ និងកោះកេរ

ព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និសីទអន្តរជាតិពិសេសស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដើម្បីអបអរសាទរខួប ១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (២០០៨-២០២៣) ផង និងខួប ១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣) ព្រមទាំងបង្ហាញអំពីលទ្ធផលការងារដែលបានធ្វើរយៈពេលយូរកន្លងមកនេះ។

អញ្ជើញជាអធិបតីក្នុងការងារបេតិកភណ្ឌនិងវប្បធម៌ដ៏ធំមួយនេះ មានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលោកស្រី ទេវ៉ានី ឧត្តម ខូប្រាហ្កាដេ (Dewani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា, លោកស្រី ជូ យ៉េ (Zhu Ye) អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន, ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៤ នៃប្រទេសផ្សេងទៀត និងមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ១០០នាក់ និងភ្ញៀវកិត្តិយសចូលរូមតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់។

សន្និសីទបានបង្ហាញពីលទ្ធផលនៃការងារអភិរក្ស ការជួសជុលប្រាសាទព្រះវិហារ និងកោះកេរ ក្នុងរយៈពេល ១០ឆ្នាំ នេះ ក្រោមយន្តការរបស់គណៈកម្មការអន្តរជាតិ ICC Preah Vihear ដែលជាការងារសំខាន់ៗ ដូចជា ៖ ការកំណត់ផែនទីហានិភ័យនៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ ទល់ ទ្រ តាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤, ការស្តារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្តុះបណ្តាលយុវជនឱ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ។ល។

ក្នុងក្របខ័ណ្ឌ ICC-Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក បាននិងកំពុងផ្តល់ថវិកាជួយជួសជុល និងអភិរក្សជណ្តើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក, ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី៥, ប្រទេសចិននឹងចាប់ផ្តើមការងារអភិរក្សនៅគោបុរៈទី១, ២ និង៣, ប្រទេសប៊ែលហ្សិក បានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារ, និងប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋានព្រះវិហារ។

ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំនៅកោះកេរ ព្រមទាំងសកវិទ្យាល័យ Waseda និងសកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សាស្រាវជ្រាវទីតាំងឡបុរាណ និងប្រព័ន្ធធារាសាស្ត្រនៅតំបន់កោះកេរ ដើម្បីឱ្យស្អាតរឹងមាំឡើងវិញតាមទម្រង់ដើម និងប្រកបដោយបរិស្ថាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×