ភ្នំពេញ ៖ ប្រត្តិបត្តិការក្រុមចោរឆក់យ៉ាងសកម្ម ឆក់ជាប្រចាំថ្ងៃនៅខណ្ឌមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ស្នើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ជាអ្នកលក់បាយម្ហូបស្នាក់នៅបន្ទប់ជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខំក្រោកទាំងពីងងិត ដើម្បីទៅទិញម្ហូបអាហារនៅផ្សារដើមគ យកមកចំអិនលក់ ខណ:ជិះម៉ូតូដល់ចំនុចការ៉ាស់សាំងតេលាមួយកន្លែង នៅផ្លូវ៣៧១ សឡាកែងនឹងផ្លូវបេតុងបត់ចូលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូមិនចាំផ្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់ បានដោយសុវត្ថិភាព បណ្តាលឲ្យគាត់ដាច់ដើមទុន។

ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ទៀត កំពុងតែជិះម៉ូតូតាមផ្លូវនៅម្តុំផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមចោរ១ ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបលុយ និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ប្រហែង១ពាន់ដុល្លារ យកទៅបាត់ហើយបណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូរងរបួសសន្លប់បាត់ស្មារតី។
ស្របពេលដែលក្រុមចោរឆក់តែងតែធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិផ្ទួនៗ ស្ទើរតែរៀងរាល់ថ្ងៃបែបនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ពួកគាត់ ហើយក៏សូមសុំណូមពរឲ្យសមត្ថកិច្ចខណ្ឌមានជ័យ មានវិធានការទប់ស្កាត់អំពើឆក់យ៉ាងសកម្មរបស់ក្រុមចោរឆក់ទាំងនេះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

