វេបសាយល្បីល្បាញរបស់ប្រទេសចិន South China Morning Post បានផ្សព្វផ្សាយរូបភាពដែលកំពុងមានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងសង្គមអនឡាញ គឺខណៈដែលក្រុមគ្រួសារទាំងមូលកំពុងចោមរោមមើលទារកទើបនឹងកើតយ៉ាងសប្បាយរីករាយនោះ ឪពុករបស់ទារក បែរជាទៅអង្គុយយំគគ្រូក ព្រោះតែនឹកអាណិតស្ត្រីជាប្រពន្ធទៅវិញ។

តាមរបាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី១១ មីនាកន្លងទៅ ស្ត្រីស៊ែ ហ្វ៊ើយ ម្នាក់ ដែលរស់នៅមណ្ឌលសានស៊ី ប្រទេសចិន បានផ្ដល់កំណើតកូនដំបូងរបស់នាង និងត្រូវបានគ្រូពេទ្យផ្លាស់ឱ្យទៅស្នាក់នៅក្នុងបន្ទប់ដោយឡែកមួយ ដើម្បីសម្រាកព្យាបាលក្រោយពេលឆ្លងទន្លេរួច មុននឹងវិលត្រឡប់ទៅផ្ទះវិញ។ នៅពេលនោះ សមាជិកគ្រប់រូបក្នុងក្រុមគ្រួសាររបស់នាង និងរបស់ស្វាមី បាននាំគ្នាមកមន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខស្ត្រីដែលទើបប្រសូតបុត្រថ្មីថ្មោង និងទារកតូច សមាជិកថ្មីរបស់ក្រុមគ្រួសារនេះ។
អ្នកស្រីហ្វ៊ើយ បានផ្សព្វផ្សាយឃ្លិបវីដេអូក្នុងថ្ងៃនោះនៅក្នុងបណ្ដាញសង្គម ដែលមើលឃើញថា រូបនាងកំពុងគេងនៅលើគ្រែក្នុងមន្ទីរពេទ្យ និងទារកតូចមួយ ស្ថិតនៅក្នុងអង្រឹងក្បែរខ្លួននាង។ ឪពុកម្ដាយរបស់នាង និងឪពុកម្ដាយរបស់ស្វាមី បាននាំគ្នាចោមរោមមើលចៅដែលទើបកើត។ គ្រប់គ្នាមានសេចក្ដីសុខខ្លាំងណាស់ ដែលឃើញទារកតូចស្អាតគួរឱ្យស្រឡាញ់កំពុងគេងនៅក្នុងអង្រឹង ពួកគេនាំគ្នាស្ទាបអង្អែល និងលួងលោម ប្ដូរក្រណាត់កន្ទប និងបញ្ចុកទឹកដោះឱ្យទារកតូចទៀតផង។

ខណៈពេលជាមួយគ្នា ស្វាមីរបស់នាង បែរជាមានឥរិយាបថផ្ទុយពីនោះទៅវិញ ព្រោះជំនួសឱ្យការរីករាយត្រេកអរ និងទៅឈរនៅជិតកូន គេបែរជាចូលទៅអង្គុយនៅលើគ្រែ ក្បែរប្រពន្ធ និងបង្ហាញពីក្ដីបារម្ភកង្វល់ និងអាណិតភរិយារបស់គេ ព្រោះគេដឹងថា កូនរបស់គេ បានទទួលការមើលថែទាំដោយលោកតាលោកយាយហើយ ដូច្នេះទើបគេងាកមកបារម្ភពីរឿងសុខភាពរបស់ប្រពន្ធក្រោយពេលសម្រាលរួចវិញ។
“មានតែគាត់ម្នាក់គត់ ដែលដើរមកអង្គុយលើគ្រែក្បែរខ្លួនខ្ញុំ គាត់សួរខ្ញុំថា តើខ្ញុំជួបនឹងហេតុការណ៍អ្វីខ្លះនៅក្នុងបន្ទប់សម្រាលកូន” ពេលនាងអធិប្បាយឱ្យស្វាមីបានដឹង ពាក់ព័ន្ធនឹងការឈឺចាប់ និងភាពលំបាកលំបិនដែលនាងទើបនឹងជួបប្រទះហើយថ្មីៗ ក្នុងអំឡុងពេលសម្រាលបុត្រនោះ រូបគេក៏បានតាំងចិត្តស្ដាប់ខ្លាំងណាស់ “បេះដូងរបស់គាត់ឈឺចាប់ ព្រោះតែអាណិតអាសូរខ្លួនខ្ញុំ ដែលរងការឈឺចាប់ពេលឆ្លងទន្លេ” បុរសជាប្ដី ដល់ថ្នាក់យំគគ្រូក ទឹកភ្នែកហូរសស្រាក់ចេញមក និងគិតតែពីលើកដៃជូតទឹកភ្នែកជាប់រហូត ពេលបានឮនាងរៀបរាប់ឱ្យស្ដាប់។

អ្នកស្រីហ្វ៊ើយ និយាយថា នាងមានអារម្មណ៍នឹកចម្លែកចិត្តខ្លាំងណាស់ចំពោះទស្សនគតិរបស់ស្វាមី និងខណៈពេលជាមួយគ្នា នាងក៏មានអារម្មណ៍រំភើបចិត្តចំពោះភាពព្រួយបារម្ភរបស់គាត់ដែរ និងមានសេចក្ដីសុខខ្លាំងណាស់ ដែលបានរៀបការជាមួយស្វាមីដ៏ល្អអស្ចារ្យម្នាក់នេះ “អរគុណលោកប្ដី ដែលស្ថិតនៅក្បែរកាយអូន ក្នុងអំឡុងពេលដែលអូនត្រូវការកម្លាំងចិត្តពីបងខ្លាំងបំផុត”
នៅពេលរឿងរ៉ាវមួយនេះ ត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គមភ្លាម ក៏ស្រាប់តែបានទទួលចំណាប់អារម្មណ៍ និងគំនិតយោបល់ផ្សេងៗជាច្រើន ឆ្លើយតបមកវិញពីអ្នកលេងបណ្ដាញសង្គមទាំងនោះ ដូចជា…
“ចូរស្រឡាញ់ភរិយា និងកតញ្ញូចំពោះម្ដាយរបស់អ្នក ព្រោះម្ដាយរបស់អ្នក ក៏ទ្រាំឈឺចាប់ដូចគ្នានឹងភរិយារបស់អ្នកដែរ នៅពេលគាត់បង្កើតរូបអ្នកចេញមក”
“ខ្ញុំច្រណែនស្ត្រីម្នាក់ហ្នឹងខ្លាំងណាស់ ដែលបានស្វាមីល្អយ៉ាងនេះ!”
“ការសម្រាលកូន គឺជាអំឡុងពេលដែលមនុស្សស្រី បានដាក់ជីវិតទាំងមូលដើម្បីឱ្យកូនបានកើតចេញមក ដូច្នេះហើយទើបនាងត្រូវការអ្នកមើលថែទាំ និងផ្ដល់កម្លាំងចិត្តដល់នាងខ្លាំងបំផុត…ស្ត្រីម្នាក់នេះពិតជាសំណាងល្អ និងមានសេចក្ដីសុខខ្លាំងណាស់”៕





