ភ្នំពេញ: នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ នឹងធ្វើការពិភាក្សាដេញដោលលើបណ្ដឹងឧទ្ធរណ៍របស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ថាច់ សេដ្ឋា ប្តឹងនឹងដីកាសម្រេចមិនព្រមដោះលែងឱ្យនៅក្រៅឃុំលេខ ១៤៦៨ “ឈ១” ដ.ព.ស ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
លោក ថាច់ សេដ្ឋា ត្រូវចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធចេញសែកស្អុយ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ដីកាបង្គាប់ឲ្យនាំខ្លួននេះ ចេញដោយលោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនបានឲ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួលលេខ ១៩ “ឈ១” ព្រទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកា បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។ ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា កចំពោះមុខចៅក្រមស៊ើបសួរបំភ្លឺការពិត។ ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា មកសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ