ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានឆ្លើយទៅនិងសំណួរអ្នកសារព័ត៌មានថា បច្ចុប្បន្ន ប្រាក់រៀល ដែលកំពុងចរាចរនៅក្នុងសេដ្ឋកិច្ច មានប្រមាណជាង ១៤ ទ្រីលានរៀល ដោយបានកើនឡើងពីប្រមាណ ៣,៨ ទ្រីលានរៀលប៉ុណ្ណោះ កាលពី១០ឆ្នាំមុន។

នៅពេលសំណួរចោទថា តើអាចទៅរួចទេ ដែលមានបរិមាណប្រាក់រៀល និងដុល្លារអាមេរិកចរាចរស្មើគ្នាក្នុងសេដ្ឋកិច្ច ហើយតើកម្ពុជា មានគម្រោងបង្កើនចរាចរប្រាក់រៀល ក្នុងបរិមាណច្រើនជាងប្រាក់ដុល្លារដែរឬទេ? ឯកឧត្តម ជា ចាន់តូ បានប្រាប់ថា ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ទន្ទឹមគ្នានៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ចំពោះប្រាក់រៀល ដោយសារធនាគារជាតិនៃកម្ពុជា ជាអ្នកបោះផ្សាយ យើងអាចដឹងច្បាស់ពីបរិមាណនៃប្រាក់រៀលក្នុងសេដ្ឋកិច្ច ខណៈដែលយើងមិនអាចដឹងច្បាស់ឡើយ ពីបរិមាណប្រាក់ដុល្លារអាមេរិក ដែលកំពុងចរាចរនៅក្រៅប្រព័ន្ធធនាគារ ដែលអាចមានចំនួនច្រើន។

ឯកឧត្តម បន្តថា ដោយឡែក ប្រាក់បញ្ញើ ជាដុល្លារអាមេរិកក្នុងប្រព័ន្ធធនាគារ មានចំនួនប្រមាណ ៣៧,៦ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៨៨,៨% នៃប្រាក់បញ្ញើសរុប។ ដូចនេះ ធនាគារ នឹងបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ ហើយយើងសង្ឃឹមថា ប្រាក់រៀលនឹងត្រូវបានប្រើប្រាស់ច្រើនជាងប្រាក់ដុល្លារអាមេរិកនៅក្នុងអំឡុងរយៈពេលវែង ប្រសិនបើយើងទាំងអស់គ្នា ចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែសកម្មឡើង។

ដើម្បីលើកម្ពស់ និងជំរុញការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានបន្ដផ្សព្វផ្សាយយុទ្ធនាការ នៃការប្រើប្រាស់ប្រាក់រៀល តាមបណ្ដាខេត្តនានា។ មន្រ្តីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប្រាក់រៀល ចរាចរបានកើនឡើង ១៦ភាគរយ ប្រាក់បញ្ញើជារៀល បានកើនឡើង ២៩ភាគរយ និងឥណទានជាប្រាក់រៀល បានកើន ៣៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ៕