សៀមរាប៖ លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា សម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣ នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង ១៥ម៉ឺននាក់ មានការកើនឡើង ១២,៤៥% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២២។

លោក យន់ លីនណេ បានលើកឡើងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី «ទីក្រុងស្អាត-កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣។

លោក យុន លីនណេ បានលើកឡើងថា ការសម្រេចបានលទ្ធផលទេសចរណ៍ប្រកបដោយក្តីសង្ឃឹមនេះ បានឆ្លុះបញ្ចាំងដោយ កត្តារួមផ្សំជាច្រើនរួមមាន៖ទី១ សុខសន្តិភាព ទី២ ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសង្គមបានល្អ។ ទី៣ ការត្រៀមលក្ខណៈសម្បត្តិនៃឧស្សាហកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដែលផ្តោតសំខាន់ទៅលើការពង្រឹងគោលដៅទេសចរណ៍ និងឧស្សាហកម្មទេសចរណ៍ក្នុងការត្រៀមទទួលទេសចរឡើងវិញ។

លោក យុន លីនណេ បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងការរៀបចំខេត្តសៀមរាប ឱ្យស័ក្តិសមជាខេត្តទេសចរណ៍ មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុង រៀបចំសោភណភាពដងស្ទឹងសៀមរាប ស្ដារ និងសាងសង់បណ្ដាញលូទឹកភ្លៀង លូទឹកកខ្វក់ ការរៀបចំចំណតនៅតាមដងផ្លូវជាតិលេខ៦ ការបំពាក់កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ និងបំពាក់អំពូលបំភ្លឺសាធារណៈ និងភ្ជាប់ដោយប្រព័ន្ធបញ្ហាស្វ័យប្រវត្តិ ដែលធ្វើឱ្យតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងត្រូវបានបំភ្លឺ។

លោក បន្តថា ក្រុងសៀមរាប ត្រូវបានកំពុងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់រឹង រាវ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យស័ក្តិសមជាសមាជិកទីក្រុងឆ្លាតវៃអាស៊ាន។ លោក បានបន្ថែមថា បើទោះបីជាមានការជ្រោមជ្រែងពីអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងណាក្តី តែការប្រែក្លាយសៀមរាប ទៅជាទីក្រុងវៃឆ្លាត អាស៊ាន ក៏ត្រូវការចូលរួមចាំបាច់ពីសាធារណជនបន្ថែមទៀតផងដែរ៕
