Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ពន្យល់ពីមូលហេតុដែលធនាគារមួយចំនួន តំឡើងអត្រាការប្រាក់លើឥណទានអតិថិជន

ភ្នំពេញ៖ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អត្រាការប្រាក់វិស័យធនាគារនៅលើទីផ្សារអន្តរជាតិ បានកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានប្រកាសតំឡើងអត្រាការគោលរបស់ខ្លួនជាបន្តបន្ទាប់ ដែលគិតត្រឹមខែមីនា កើនដល់ចន្លោះ ៤,៧៥% ទៅ ៥% ហើយក៏គ្រោងនឹងតំឡើងលើសពី ៥% នាពេលខាងមុខនេះផងដែរ ដើម្បីទប់ទល់នឹងកំណើនអតិផរណាខ្ពស់ក្នុងប្រទេសរបស់ខ្លួន ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ដែលបានបើកដំណើរ​ការនៅព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រកាសតំឡើងអត្រាការប្រាក់បន្ថែមរបស់ខ្លួនថ្មីៗនេះ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ដោយមានការកើនឡើងលើថ្លៃដើមនៃដើមទុនរបស់ធនាគារនាពេលថ្មីៗនេះ អត្រាការប្រាក់ មូលដ្ឋាននៃអត្រាការប្រាក់ឥណទានរបស់អតិថិជនទាំងអស់ នឹងត្រូវកើនឡើងបន្ថែម ០,៥% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងចាប់អនុវត្តពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះតទៅ។ ​

ជុំវិញការដំឡើងអត្រាការប្រាក់នេះ បានធ្វើឲ្យអតិថិជនដែលមានកម្ចីនៅធនាគារមួយចំនួនបានបង្ហាញការព្រួយបារម្ភ។ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី ពន្យល់ពីមូលហេតុ ដែលធនាគារមួយចំនួនតំឡើងអត្រាការប្រាក់លើឥណទានអតិថិជន ដោយសារអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជា ក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនរបស់គាត់ឡើងខ្ពស់ជាងមុន។

លោកជំទាវ  ជា សិរី បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួនថា ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលប្រើប្រាស់ទុនក្នុងស្រុកក៏បានចំណាយការប្រាក់ខ្ពស់ជាងមុនឲ្យអ្នកដាក់ប្រាក់បញ្ញើ។ បើយើងសង្ខេតមើលអត្រាប្រាក់បញ្ញើគឺមានការកើនឡើងសឹងតែគ្រប់ធនាគារ។ អ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ចីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួន ក៏បានសម្រេចចិត្តដំឡើងអត្រាការប្រាក់លើឥទានអតិថិជនរបស់ខ្លួន។

ដោយឡែក លោក សុខ វឿន ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ ការប្រកាសតំឡើងអត្រាការប្រាក់ឥណទានអតិថិជនរបស់គ្រឹះ ស្ថានធនាគារ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមមិនទាន់មានការតំឡើងអត្រាការប្រាក់ឥណទានអតិថិជននៅឡើយទេ។

គួរបញ្ជាក់ថា បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារដែលគ្រោងតំឡើងអត្រាការប្រាក់នេះ មានចំនួន ៣គ្រឹះស្ថាន ដែលតំឡើងក្នុងកម្រិតតិចតួចត្រឹមតែអត្រា ០,២៥% និង ០,៥% ក្នុងមួយឆ្នាំ ដោយមិនបានបញ្ចេញអត្តសញ្ញាណធនាគារទាំងនេះ ខណៈដែលអត្រាការប្រាក់នៅឡើងទីផ្សារអន្តរជាតិបានឡើងដល់ ៣% ទៅ ៤%ឯណោះ ដែលមានរយៈពេលជាងមួយឆ្នាំមកហើយ៕

×