Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ៖ ផលិតផលដែលកែច្នៃនានា និងការផលិតរបស់កសិករ ត្រូវនាំទៅបណ្ដាសណ្ឋាគារ ដែលមានជនបរទេសស្នាក់នៅ ដែលជាការនាំចេញនៅនឹងកន្លែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ លើកឡើងដែរថា ផលិតផលដែលកែច្នៃនានា និងការផលិតរបស់កសិករ ត្រូវនាំទៅបណ្ដាសណ្ឋាគារ ដែលមានជនបរទេសស្នាក់នៅ ដែលជាការនាំចេញនៅនឹងកន្លែង។ សម្ដេចតេជោបញ្ជាក់ទៀតថា កម្ពុជា មានទីផ្សារកាន់តែធំ តាមរយៈកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងរវាងកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងដែលទើបបញ្ចប់ការចរចារវាងកម្ពុជាជាមួយអេមីរ៉ាតអារ៉ាប់រួម៕

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឲ្យសហគ្រិន នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ព្រមទាំងជំរុញឲ្យក្រសួងស្ថាប័នខិតខំដោះស្រាយបញ្ហាប្រឈម ទាំងឡាយក៏ដូចជាការកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ចនិងផលិតភាព ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់សម្រួលពាណិជ្ជកម្ម សំដៅកាត់បន្ថយថ្លៃនៃការធ្វើពាណិជ្ជកម្ម និងជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឲ្យបានទូលំទូលាយ។

ការលើកឡើងនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោ បានជំរុញឲ្យខិតខំដើម្បីឲ្យប្រជាជនកម្ពុជា ប្រើប្រាស់នូវផលិតផលដែលផលិតបានក្នុងស្រុក ហើយកែច្នៃដោយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ត្រូវខិតខំជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទេសចរណ៍ បន្ទាប់ពីកូវីដ កំពុងតែមានការឡើង កើនឡើងជាប្រចាំ បើយើងផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានទេសចរ តាមរយៈនៃផលិត ផលដែលមានស្រាប់ ដូចជាគ្រាប់ស្វាយចន្ទីជាដើម មិនមានការចាំបាច់ណា ដើម្បីនាំពីបរទេសមកផ្គត់ផ្គង់ឲ្យទេសចរក្នុងស្រុកនោះទេ៕

×