ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម SME កំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពីព្រោះសហគ្រាសធុនតូច និងមធ្យម មានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាតួអង្គដ៍សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបថា ធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០២០នោះ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២២ បានបញ្ចេញឥណទានជាង ៤០០លានដុល្លារ ជួយដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣០៨៥នៅកម្ពុជា។

យោងតាមរបាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចមានចំនួនសរុប ៧៥ម៉ឺន ៣៦៧០ទីតាំង នៅឆ្នាំ២០២២ ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណជាង ១,៤% បើធៀបនឹងលទ្ធផលចុងក្រោយ នៃការធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជានៅឆ្នាំ ២០២១។

ដោយទ្បែកចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២២ បានកើនទ្បើងប្រមាណជាង ៤៧% បើធៀបទៅនឹងលទ្ធផលជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១១ ដែលមានចំនួន៥០ម៉ឺន ៥១៣៤ អង្គភាពសេដ្ឋកិច្ច ហើយនឹងបានកើនទ្បើងប្រមាណជាង ៤៥% បើធៀបទៅនឹងលទ្ធផលនៃទិន្នន័យអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១៤។

គួរបញ្ជាក់ថា ការកើនទ្បើងចំនួនអង្គភាពសេដ្ឋកិច្ចនេះ បង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនសេដ្ឋកិច្ច និងប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន (ភូមិ ឃុំ/សង្កាត់) នៅតាមរាជធានីខេត្ត ដែលមានប្រជាជនសរុបបានកើនទ្បើងជាង ១៦,៨លាននាក់ នៅឆ្នាំ២០១៩៕
