Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ណែនាំម្ចាស់អាជីវកម្មតាមតំបន់ឆ្នេរដាក់តម្លៃឱ្យបានត្រឹមត្រូវ ងាយស្រួលដល់ភ្ញៀវ ដែលមកទទួលទាន

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ជំរុញឲ្យមានការពង្រឹងគុណភាពសេវាកម្ម និងអនាម័យ​ ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មី នាពេលខាងមុខ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានណែនាំទៅដល់ម្ចាស់អាជីវកម្មតាមតំបន់ឆ្នេរអំពីការដាក់តម្លៃឱ្យបានត្រឹមត្រូវ មានភាពងាយស្រួលដល់ភ្ញៀវដែលមកទទួលទានក្នុងហាងរបស់ខ្លួន។

ប្រធានមន្ទីរទេសចរ បានឲ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ក្នុងការពង្រឹងគុណភាពសេវាកម្មអនាម័យបរិស្ថានស្អាត ក៏ដូចជាការចូលរួមអនុវត្តយុទ្ធនាការកម្ពុជាស្អាតឆ្នាំ ២០២៣ បានបើកវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នៅឆ្នេរអូរឈើទាល ស្ថិតនៅក្នុងសង្កាត់លេខ ៤ក្រុងព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនេះគឺរៀបចំឡើង ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលខិតជិតមកដល់នាពេលខាងមុខនេះ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមចំនួន៣៧នាក់ ស្រីចំនួន០៩នាក់ អញ្ជើញមកពីអាហារដ្ឋាន និងភោជនីយដ្ឋានតាមតំបន់ឆ្នេរចំនួន២៤ទីតាំង។

 សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ មានមេរៀនសំខាន់ៗចំនួន ៦ រួមមាន សេវាកម្មល្អប្រណិត បុគ្គលិកលក្ខណៈសម្បត្តិ និងវិជ្ជាជីវៈ សេវាកម្មភេសជ្ជៈ ជំនាញផ្តល់សេវាកម្ម ជំនាញលក់ និងលំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន ដើម្បីឲ្យសេវាកម្មនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ មានបដិសណ្ឋារកិច្ចល្អ ខណៈពេលដែលខេត្តព្រះសីហនុ កំពុងតម្រូវការខ្ពស់ចំពោះបុគ្គលិកដែលមានបទពិសោធន៍​បំរើការនៅតាមភោជនីយដ្ឋាន អាហារដ្ឋានជាច្រើន និងសណ្ឋាគារលំដាប់ផ្កាយមួយចំនួន នាពេលបច្ចុប្បន្ននេះ៕

×