Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា ក្រុមហ៊ុនហុងកុងជាង២០ទៀត នឹងបង្វែរទុនមកដាក់នៅខេត្តកំពង់ស្ពឺ ដែលកត្តានេះ កំពុងធ្វើឱ្យខេត្តប្រឈមនិងកង្វះកម្លាំងពលកម្មកាន់តែខ្លាំង

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត​​ប្រមាណជាង ៣ពាន់នាក់ នៅក្នុងរោងចក្រអ៊ែឡាយស្វែតថឺ ក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា នៅពេលខាងមុខនេះ មិនយូរទេ ក្រុមហ៊ុនហុងកុងប្រមាណជាង ២០ ក្រុមហ៊ុនទៀត នឹងបង្វែរទុនមកដាក់នៅក្នុងខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កត្តាដែលក្រុមហ៊ុនហុងកុងមកនេះ កំពុងធ្វើឱ្យថ្នាក់ដឹកនាំមន្ទីរអង្គភាព និងរដ្ឋបាលខេត្តប្រឈម និងកង្វះកម្លាំងពលកម្មកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបំពេញតម្រូវការការងារ ខណៈបច្ចុប្បន្ននេះខេត្ត ត្រូវការកម្មករ កម្មការិនីប្រមាណជាងមួយម៉ឺននាក់។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ខេត្តគេខ្វះការងារ ឯខេត្តកំពង់ស្ពឺ ខ្វះកម្មករធ្វើការ។ ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើជីវភាពរបស់កម្មករនិយោជិត គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យបងប្អូនកម្មករ និយោជិក ប្រជាពលរដ្ឋត្រូវចូលរួម ជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយទាំងអស់ ឱ្យទទួលបានលទ្ធផល ជោគជ័យ ព្រោះការចូលរួមរបស់ប្រជាពលរដ្ឋ គឺអាចទទួលបានមកវិញនូវ ជីវភាពល្អប្រសើរមួយកម្រិតបន្ថែមទៀត ពិសេសគឺបានចូលរួមក្នុងការងារសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម បានបន្តថា អ្វីដែលកម្មករកម្មការិនី បានចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍និងកសាងប្រទេសនោះ គឺការខិតខំប្រឹងប្រែងធ្វើការងារ ដោយគោរពទៅតាមច្បាប់ការងាររបស់កម្ពុជា គោរពទៅតាមគោលការណ៍រោងចក្រ សហគ្រាស ពិសេសគឺមិនមានការតវ៉ា ឬទាមទានូវអ្វីដែលហួសហេតុ ដែលអាចធ្វើឱ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្ត។

អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ចំនុចនេះហើយ ដែលបច្ចុប្បន្នខេត្តកំពង់ស្ពឺ បាននិងកំពុងក្លាយជាខេត្តគោលដៅនៃអ្នកវិនិយោគនានា ដែលចង់រកស៊ីនៅទីនេះ។ ឯកឧត្តមថា អ្នកវិយោគ បានកោតសរសើរដល់ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិតអ្នកខេត្តកំពង់ស្ពឺ ដែលជាមនុស្សឧស្សាហ៍ព្យាយាម ខិតខំធ្វើការងារ គឺជាអ្នកដែលផ្ចិតផ្ចង់ និងដេរបានស្អាតជាងគេលើប្រទេស ដែលមានឧស្សាហកម្មកាត់ដេរ៕

×