តាមរបាយការណ៍ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ៤,២៣៧,៧៨០នាក់ ដោយនៅក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៤,២១៩,០២១នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ចំនួន ១៨,៧៥៩នាក់។

ចំនួនភ្ញៀវទេសចរដ៏ច្រើនក្នុងថ្ងៃទី២នេះ គឺដោយសារបងប្អូនប្រជាពលរដ្ឋបានចេញដើរកម្សាន្តគ្រប់ទិសទីបន្ទាប់ពីបញ្ចប់ពិធីទទួលទេព្តាឆ្នាំថ្មី ហើយបណ្តារាជធានីខេត្តក៏បានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ពិសេសនៅតាមទីរួមខេត្ត និងទីរួមស្រុក ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។

របាយការណ៍ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តសៀមរាបមានភ្ញៀវទេសចរច្រើនជាងគេចំនួន ៦៥៣,៦៧៩នាក់ ខេត្តកំពង់ចាម ៥១៥,១២៩នាក់ ខេត្តកំពត ៤០៤,០៥៨នាក់ ខេត្តបាត់ដំបង ៤០០,២៧៣នាក់ រាជធានីភ្នំពេញ ៣២៦,៣២៧នាក់ ខេត្តស្វាយរៀង ២៧៨,២០៦នាក់ ខេត្តកំពង់ឆ្នាំង ២៣៩,៥៩០នាក់ ខេត្តបន្ទាយមានជ័យ ២២០,៥៧៧នាក់ និងខេត្តកំពង់ស្ពឺ ២០២,១៦២នាក់។

ជាការកត់សម្គាល់ ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី២នេះ មានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះមានការកើនឡើងរហូតដល់ប្រមាណ១០១.៩៤% ធៀបនឹងថ្ងៃចូលឆ្នាំទី១។ សរុបទាំង២ថ្ងៃ ភ្ញៀវសរុបមានចំនួនប្រមាណ៦,៣៣៦,២៨១នាក់។
សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ មានតាំងពីពេលព្រឹក គឺភាគច្រើនប្រជាពលរដ្ឋយកចង្ហាន់ទៅវត្ត ហើយខ្លះទៀតធ្វើដំណើរកម្សាន្តត្រង់ទៅទីរមណីយដ្ឋានតែម្តង ខណៈដែលការកម្សាន្តបាញ់ទឹក លាបម្សៅ ចាក់ភ្លេងកម្សាន្តរបស់ប្រជាពលរដ្ឋទូទៅ គឺចាប់ផ្តើមតាំងពីថ្ងៃត្រង់រហូតដល់ព្រលប់ និងបន្តរាំលេងកម្សាន្តនៅតាមកម្មវិធីសង្រ្កាន្តតាមភូមិស្រុករហូតដល់យប់។ សកម្មភាពកម្សាន្តពេលយប់នៅតាមគោលដៅសំខាន់ៗ ពិសេសផាប់ស្ទ្រីតនៅខេត្តសៀមរាប និងការជួបជុំប្រគុំតន្រីនៅតាមរាជធានីខេត្តមួយចំនួន ក៏បានធ្វើឲ្យចរន្តភ្ញៀវទេសចរមានសភាពផុសផលផងដែរ។
ទន្ទឹមនឹងនេះសម្រាប់ថ្ងៃទី២នេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបន្តទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករតាំងពីព្រឹកទល់យប់ជាមួយកម្មវិធីដ៏សម្បូរបែប ពិសេសកម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» នៅបរិវេណព្រះលានជល់ដំរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ដោយឡែក ស្ថានភាពចរាចរនៅរាជធានីភ្នំពេញ នៅបន្តមានភាពទូលាយ ប៉ុន្តែមានភាពកកកុញជួបជុំភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅទីតាំងសង្រ្កាន្តវត្តភ្នំ។ អ្នករាជធានីភ្នំពេញមួយចំនួន បានសម្រុកចេញពីភ្នំពេញតាំងព្រលឹមឆ្ពោះទៅកាន់គោលដៅទេសចរណ៍នានា ហើយខ្លះក៏ត្រលប់ចូលរាជធានីវិញពេលល្ងាច ខណៈដែលខ្លះនៅបន្តដំណើរកម្សាន្តនៅតាមគោលដៅផ្សេងទៀត។
កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត នៅតែបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិសេសនៅតាមទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ៕