ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយជានៅថ្ងៃនេះថា គម្រោងថ្មីចំនួន៥ ដែលមានដើមទុនសរុប ១០៣,៣ លានដុល្លារអាមេរិក មានទីតាំងវិនិយោគស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ ខេត្តក្រចេះ និងព្រះវិហារ។

សេចក្តីប្រកាសព័ត៌មានដ៏ដែលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd. នឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៧៣,៤ លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោ នៅស្រុកស្នួល ខេត្តក្រចេះ និង Rithy Rubber (Cambodia) Co., Ltd. ប្រមាណ ១២ លានដុល្លារអាមេរិក ក្នុងការបង្កើតកសិដ្ឋានកសិឧស្សាហកម្ម (កៅស៊ូ) និងរោងចក្រកែច្នៃ នៅស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពដដែលនេះ បានបន្ថែមទៀតថា ក្រុមហ៊ុន GE New Energy Technology (Cambodia) Co., Ltd. នឹងបោះទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ៧ លានដុល្លារអាមេរិក សម្រាប់ការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯក្រុមហ៊ុន Jingmaoguoji (Cambodia) Co., Ltd. វិនិយោគក្នុងទឹកប្រាក់ចំនួន ៥,៧ លានដុល្លារអាមេរិក សម្រាប់រោងចក្រកាត់ដេរនៅស្រុកបាទី ខេត្តតាកែវ និងក្រុមហ៊ុន Ebelno (Cambodia) Co., Ltd. វិនិយោគក្នុងទឹកប្រាក់ចំនួន ៥,២លានដុល្លារអាមេរិក សម្រាប់រោងចក្រដំឡើងគ្រឿងអេឡិចត្រូនិច នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងដែលបានអនុម័តថ្មីត្រូវបានគេរំពឹងថានឹងបង្កើតការងារជាង ១,០០០កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក៕

