Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាសទី១ ឆ្នាំ២០២៣នេះ ពន្ធដារ ប្រមូលចំណូលសារពើពន្ធបានជាង ១,៩ពាន់លានដុល្លារ

ភ្នំពេញ៖ បើតាមទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ការប្រមូលចំណូលសារពើពន្ធទូទាំងប្រទេសសម្រេចបាន ១៩០៨លានដុល្លារ ក្នុងនោះចំណូលពន្ធដារ មានចំនួន ១៣៤៣,៩ លានដុល្លារ កើន ៦,៤ ភាគរយ។ ចំណែកចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺមានប្រមាណ ៥៦៤,១លានដុល្លារ ថយចុះ ៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខដែលអង្គភាពពន្ធដារប្រមូលបាន ក្នុងត្រីមាសទី១ឆ្នាំនេះ គឺស្មើនឹង ៣៧,៦៣ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ខណៈដែលអង្គភាពគយ និងរដ្ឋាករកម្ពុជា បានប្រមាណ ២០,៥ភាគរយ នៃផែនការប្រចាំឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវភ្ជាប់ស្ពានក្នុងខេត្តក្រចេះ កាលពីដើមខែមករាថា ក្នុងឆ្នាំ២០២២ ការប្រមូលចំណូលរបស់អង្គភាពទាំង ២ សម្រេចបានប្រមាណ ៦១៤៥លានដុល្លារ ស្មើនឹង ១២៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ដែលនេះជាការងើបឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។

គួរបញ្ជាក់ថា បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៥,៨ ភាគរយក្នុងឆ្នាំ២០២៣នេះ និង ៦,២ ភាគរយ ក្នុងឆ្នាំ២០២៤ខាងមុខ ដោយសារកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការនៅអាមេរិក និងអឺរ៉ុប។ កំណើននេះ នឹងធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេលំដាប់ទីពីរនៅអាស៊ាន ដូចប្រទេសវៀតណាមដែរ តែនៅពីក្រោយប្រទេសហ្វីលីពីន៕​

×