ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ ១២,៩៥% បើធៀបរយៈកាលដូចគ្នានឹងឆ្នាំ២០២២។

លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា មូលហេតុនៃការនាំចេញធ្លាក់ចុះនេះ ដោយសារតែតម្លៃគ្រាប់ស្វាយចន្ទីសើម នៅចុងខែមីនា មានការធ្លាក់ចុះ ខណៈអ្នកមានឃ្លាំងមួយចំនួនធំៗ បានហាលទុកបញ្ចេញលក់នៅពេលក្រោយ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ផលិតគ្រាប់ឆៅបានប្រមាណជាង ២៦ម៉ឺនតោន។ សមាគម បានលើកទឹកចិត្តដល់ម្ចាស់ចម្ការ ដែលជាសមាជិករបស់សមាគមទាំងអស់ ឈប់លក់គ្រាប់សើម ហើយហាលទុកលក់នៅអំឡុងខែសីហា ដែលសមាគមរំពឹងថា តម្លៃនឹងកើនឡើង។

ជាមួយគ្នានេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការព្រួយបារម្ភ ចំពោះកសិករមួយចំនួន ដែលមិនទាន់បានប្រមូលផលអាចនឹងរងការខាតបង់ធ្ងន់ធ្ងន់ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ខណៈចាប់ពីដើមខែមេសាមកមានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ខ្លាំងដែលធ្វើឱ្យជ្រុះក្តឹប។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រាប់ចន្ទីសើមមានតម្លៃចន្លោះពី ៤០០០រៀលទៅ ៤៦០០រៀល និងតម្លៃគ្រាប់ស្ងួតចន្លោះពី ៦០០០រៀលទៅ ៧០០០រៀល។ តម្លៃគ្រាប់សើមនៅឆ្នាំ២០២៣ មានស្ថិរភាពជាងរាល់ឆ្នាំ ដោយចាប់ពីចុងខែមករា ដល់ពាក់កណ្តាលខែមីនា តម្លៃចន្លោះពី ៥២០០រៀល ទៅ៦២០០រៀល។ ប៉ុន្តែចាប់តាំងពីថ្ងៃ១៨ ខែមីនា មកតម្លៃបានធ្លាក់ចុះបន្តិចមក ៥០០០រៀលដល់ ៤០០០រៀល ក្នុងមួយគីឡូក្រាម៕
