ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅថា IMF បានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ថានឹងមានការកើនឡើង ៥,៨% នៅឆ្នាំ២០២៣នេះ ដែលស្ថិតក្នុងចំណោមប្រទេស មានសន្ទុះកំណើនខ្ពស់បំផុតលំដាប់ទីពីរនៅអាស៊ាន ស្មើនឹងប្រទេសវៀតណាម និងបន្ទាប់ពីប្រទេសហ្វីលីពីន និងជាប់ចំណាត់ថ្នាក់ទី ១៤នៅលើពិភពលោកទៀតផង។

លោក Krishna Srinivasan នាយកទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APD) នៃ IMF បានឱ្យដឹង នៅក្នុងវេទិកាទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកកាលពីពេលថ្មីៗនេះ ថា ការបើកដំណើរការឡើងវិញនៃប្រទេសចិន បណ្ដាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងជាមួយប្រទេសចិន នឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ពីប្រទេសចិនក៏នឹងទទួលអត្ថប្រយោជន៍ច្រើនផងដែរ។ មូលនិធិ IMF បានបញ្ជាក់ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការនៅអាមេរិក និងអឺរ៉ុប។

ស្ថាប័ន IMF ក៏បានព្យាករណ៍ថា កំណើន GDP របស់កម្ពុជា នឹងងើបឡើងដល់ ៦,២% នៅឆ្នាំ ២០២៤ ដែលជាកម្រិតខ្ពស់ជាងគេទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសវៀតណាម ដែលរំពឹងថា នឹងមានកំណើន ៦,៩% ខណៈសេដ្ឋកិច្ចហ្វីលីពីន បានថមថយកំណើនពី ៦% ក្នុងឆ្នាំ២០២៣ មក ៥,៨% សម្រាប់ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ IMF បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងរង្វង់ ២,៩% នៅឆ្នាំ២០២៣នេះ ពោលគឺខ្ពស់ជាង ០,២% បើធៀបនឹងការព្យាករណ៍កាលពីខែតុលា។ ហើយប្រហែល ៨៤% នៃប្រទេសនានា ទូទាំងពិភពលោក នឹងមានកម្រិតអតិផរណាទាបជាងមុនក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្ដែ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំនឹងមានក្នុងរង្វង់៦,៦%ក្នុងឆ្នាំ២០២៣ ហើយនឹងមានប្រមាណ ៤,៣%នៅឆ្នាំបន្ទាប់៕