ប្រធានក្រុមបេសកកម្មបាននិយាយថា បេសកកម្មមួយដើម្បីជម្លៀសក្មេងៗកីឡាករបាល់ទាត់ទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលកំពុងត្រូវជាប់គាំងក្នុងរូងភ្នំ Tham Luang អស់រយៈពេលជាង២សប្តាហ៍ ស្ថិតក្នុងស្រុក Mae Sai ខេត្ត Chiang Rai បានចាប់ផ្តើមហើយ នៅវេលាម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យនេះ ។
លោក Narongsak Osottanakorn បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅជិតតំបន់រូងភ្នំ Tham Luang ថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់បំផុត ដែលក្មេងប្រុសរងគ្រោះទាំងនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមនឹងបញ្ហាណាមួយកើតឡើង» ។
សមាជិកនៃក្រុមជួយសង្គ្រោះបានចូលទៅខាងក្នុងរូង នៅវេលាម៉ោង ១០ ព្រឹកហើយៗ ក្មេងប្រុសទាំងនោះ ត្រូវបានគេរំពឹងថានឹងចេញពីរូងភ្នំនៅម៉ោង ៩ យប់ ។ គេក៏ពុំទាន់ច្បាស់ថាតើក្មេងប្រុសរងគ្រោះប៉ុន្មាននាក់ នឹងត្រូវបានយកចេញពីក្នុងរូងនៅថ្ងៃនេះទេ។
របាយការណ៍មុនៗបានបញ្ជាក់ថា មានតែអ្នកដែលមានកម្លាំងកំហែងខ្លាំង ១០០ ភាគរយប៉ុណ្ណោះ ដែលនឹងមកមុនគេ ។ ថ្ងៃនេះរបាយការណ៍មួយចំនួនបានអះអាងថា ក្រុមដំបូងមកដល់លើគោក គឺមានក្មេងប្រុស ៤ នាក់ ៕ ឧត្តម