Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់រថយន្តថ្មីជឿជាក់ថា តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជា នឹងវាយលុករថយន្តជជុះឆាប់ៗនេះ

ភ្នំពេញ៖ ស្របពេលដែលក្រសួងពាក់ព័ន្ធចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិភាក្សាគ្នាអំពីការកំណត់អាយុកាលរថយន្តមួយទឹកសម្រាប់នាំចូលមកលក់នៅលើទីផ្សារកម្ពុជា អ្នកលក់រថយន្តថ្មីជឿជាក់ថា តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជា នឹងវាយលុករថយន្តមួយទឹកក្នុងពេលឆាប់ៗខាងមុខនេះ។

របាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញឲ្យឲ្យដឹងថា ការនាំចូលរថយន្តមកកម្ពុជាមានការកើនឡើងជាង ៣០% នៅឆ្នាំ២០២២ ក្នុងនោះ ការនាំចូលរថយន្តថ្មី មានការកើនឡើងជាង៥០% រីឯការនាំចូលរថយន្តជជុះ មានកំណើនប្រមាណ២០%តែប៉ុណ្ណោះ។ មន្រ្តីជំនាញសហព័ន្ធឧស្សាហកម្មយានយន្ត បានអះអាងថា ក្នុងតំបន់អាស៊ានបច្ចុប្បន្ន នៅតែកម្ពុជាមួយប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានការនាំចូលរថយន្តជជុះ។ ទោះយ៉ាងណាអ្នកជំនាញ ជឿជាក់ថា កម្ពុជានឹងអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តជជុះក្នុងពេលឆាប់ៗខាងមុខនេះ។

​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារអន្តរក្រសួង កំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុកាលរថយន្តជជុះសម្រាប់នាំចូល និងកំពុងពិចារណាលើជម្រើសចំនួន៣ រួមមានកំណត់យករថយន្តដែលផលិតនៅត្រឹម ៧ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំចុងក្រោយ។ ទោះយ៉ាងណាមកទល់ពេលនេះ ក្រុមការងារអន្តរក្រសួង មិនទាន់មានការឯកភាពលើចំណុចណាមួយក្នុងជម្រើសទាំង៣នេះនោះទេ។

ការគ្រោងកំណត់អាយុកាលរថយន្តជជុះ ដែលអាចនាំចូល ឬមិនអាចនាំចូលមកកាន់ទីផ្សារកម្ពុជានេះ ធ្វើឡើង ស្របពេលដែលរាជរដ្ឋាភិបាល កំពុងជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មី និងរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅក្នុងបរិយាកាស កាត់បន្ថយផលប៉ះពាល់មកលើបរិសា្ថន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តជាដើម។ ការកាត់បន្ថយការនាំចូលរថយន្តជជុះ ក៏ជាផ្នែកមួយក្នុងការទាក់ទាញក្រុមហ៊ុនរថយន្តឲ្យមកបោះទុនវិនិយោគលើការផលិត និងផ្គុំតម្លើងនៅកម្ពុជាផងដែរ៕

×