កែប៖ គម្រោងទីក្រុងរណបនេះ រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ រួមមាន សណ្ឋាគារ អគារស្នាក់នៅរួម បុរីលំនៅឋាន ផ្សារ ទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្មនានា និងបង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋ រីស្សត ទីលានវាយ កូន ហ្គោល បឹងកាឡូ តំបន់សេវាកម្មស្នាក់នៅ ផ្ទះវិស្សមកាល មណ្ឌលសម្រាក លម្ហែកម្សាន្តទេសចរណ៍ មណ្ឌល កីឡាទេសចរណ៍ សួនឧទ្យាន កន្លែងផ្តល់សេវាកម្មថែទាំសុខភាព និងមណ្ឌលសេវាកម្មទេសចរណ៍ពាក់ព័ន្ធ ផ្សេងទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក វិនិយោគកសាង ទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង នៅក្នុងខេត្តកែបនេះ ដែលលាតសន្ធឹងតាមបណ្តោយមាត់សមុទ្រពីទីក្រុងកែប រហូតដល់ស្រុកដំណាក់ចង្អើរ។

អនុក្រឹត្យដែលចុះហត្ថលេខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានខ្លឹមសារថា រាជរដ្ឋាភិបាលបានសម្រេចធ្វើអនុបយោគផ្ទៃដីសាធារណៈរបស់រដ្ឋចំនួន២ ទីតាំង ទំហំសរុប ១៤៦៧ ហិចតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងទីតាំងទី២ ទំហំ១១៧៨ ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើយោងតាមអនុក្រឹត្យដ៏ដែល បានបញ្ជាក់ថា ផ្ទៃដីចំនួន ១៥% ទំហំ២២០ ហិកតាប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់រៀបចំជាតំបន់រដ្ឋបាល ពហុកីឡាដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្ទៃដីចំនួន ៨៥% ទំហំ ១២៤៧ ហិកតា ផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់គ្រុប ឯ.ក សម្រាប់អភិវឌ្ឍគម្រោងវិនិយោគទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋ។
គួរបញ្ជាក់ថា ខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងជាហូរហែ ដោយសារតែទីនោះមានឆ្នេរសមុទ្រ យ៉ាងស្រស់ស្អាត រួមជាមួយទេសភាពធម្មជាតិដ៏ទាក់ទាញបំផុត។ កែបនៅជាប់ឆ្នេរសមុទ្រមួយនេះ មានលក្ខណៈពិសេស ដោយមានឧទ្យាននៅចំកណ្តាលទីក្រុង ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត បន្ទាប់ពីងូតទឹកសមុទ្ររួច។ ហើយអ្វីដែលជាទីទាក់ទាញភ្ញៀវទេសចរនោះ មិនត្រឹមតែទេសភាពមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺក្រុមអ្នកទេសចរភាគច្រើនចូលចិត្តជិះទូក និងលម្ហែតាមឆ្នេរ គយគន់ផ្កាថ្ម ដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់ អាកាសល្អបរិសុទ្ធ សម្រាប់ជួយឱ្យមានសុខភាពល្អទៀតផង។ ខេត្តកែប មានតំបន់ទេសចរណ៍ជាច្រើន ក្នុងនោះ មានមានកន្លែងទេសចរណ៍ចំនួន៥ សម្រាប់ទទួលភ្ញៀវចូលមកលេងកម្សាន្ត រួមមាន៖ទី១. ឆ្នេរលិចទឹក ទី២. កោះទន្សាយ ទី៣. ឆ្នេរអង្កោល ទី៤.ភ្នំវល្លិ៍ និងទី៥ ឧទ្យានកែប ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករហូរហែមិនចេះដាច់ ៕