ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារកម្ពុជា រកបានចំណូលពន្ធចំនួន ២០.៩ លានដុល្លារ ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានចាប់ផ្តើមប្រមូលពន្ធលើតម្លៃបន្ថែមចំនួន១០ ភាគរយលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រុមហ៊ុនដូចជា Google, Meta, Amazon, Microsoft, YouTube, TikTok និង Netflix ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត។

អគ្គនាយកដ្ឋានពន្ធដារ ជាភ្នាក់ងាររដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធក្នុងប្រទេស ដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យជាដើម។
តាមប្រភពដ៏ដែល អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានពន្ធជិត ៤៤ លានដុល្លារ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ដល់ខែធ្នូ កាលឆ្នាំមុន។ របាយការណ៍ បានបន្តថា អគ្គនាយកដ្ឋានពន្ធដាររកចំណូលពន្ធបាន ១.៣៤ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើង ៦.៣ ភាគរយធៀបនឹង ១.២៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ពន្ធលើតម្លៃបន្ថែមនៃប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាប្រភពចំណូលដ៏មានសក្តានុពលសម្រាប់កម្ពុជា៕