ភ្នំពេញ៖ ផ្សារបោះដុំផលិតផលកសិកម្មខ្នាតធំតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលគេដឹងថាជា ផ្សារដើមគរថ្មី កំពុងឈានចូលដំណាក់កាលនៃការតុបតែងទីតាំង និងការដំឡើងឧបករណ៍ ហើយគម្រោងនេះ មានទំហំសំណង់ ៣៨ ម៉ឺនម៉ែត្រការ៉េ ត្រូវបានបញ្ចប់ជាមូលដ្ឋានហើយ។ ផ្សារនេះ ស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះអតីតបឹងតាមោកជាផ្សារដែលមានអគារ និងទីតាំងចំណតរថយន្តរហូតដល់ទំហំ ២០ហិកតា។

ក្រុមហ៊ុនចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្ទេត អ៊ិនវេសម៉ិនឯ.ក ជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគទីតាំងបឹងតាមោក ដើម្បីអភិវឌ្ឍជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ ចំណតរថយន្តបង់ប្រាក់ និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់ ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍផ្សារនេះ ផ្តោតសំខាន់លើការលក់ដុំផលិតផលកសិកម្ម គឺបន្លែ និងផ្លែឈើភាគច្រើន ត្រូវបាននាំចេញពីប្រទេសចិនមកកាន់ទីផ្សារកម្ពុជា។ បច្ចុប្បន្ននេះ មានឈ្មួញក្នុងស្រុកជាង ៣០០នាក់ ចូលទីផ្សារ ហើយ ដែលរំពឹងថា នឹងមានអត្រាកាន់កាប់ ៧០% ប្រហែល ១១០០គ្រួសារ នៅពេលទីផ្សារចាប់បើកលក់ ក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

កន្លងទៅ ពោលគឺនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្និសីទសារព័ត៌មាន មួយស្តីពីការរៀបចំផ្សារបន្លែ ផ្លែឈើបោះដុំ និងចំណតរថយន្តនៅតំបន់បឹងតាមោក។ ការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរនៅផ្សារដើមគទាំងអស់ដើម្បីកុំឲ្យមានការភន្ត័ច្រឡំ ដោយសារមានព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរុះរើផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រើបងប្អូនអាជីវករទៅទីតាំងផ្សារថ្មីនៅបឹងតាមោក។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីថា ពុំមានគម្រោងរុះរើផ្សារដើមគ ឬតម្រូវឱ្យអាជីវករកំពុងលក់ដូរនៅផ្សារដើមគ ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។ ដោយឡែក គម្រោងសាងសង់ផ្សារនៅបឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត ក្នុងន័យបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ៕





