ភ្នំពេញ៖ បច្ចុប្បន្ន ស្ថានភាពអាកាសធាតុ បានប្រែងប្រួល នឹងកំពុងតែឡើងកម្តៅហួតហែងខ្លាំង អ្នកជំនាញកសិកម្ម លើកទឹកចិត្តឲ្យកសិករនៅខេត្តបាត់ដំបង ដាំដំណាំបន្លែនៅក្នុងផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ដល់ដំណាំ។ អ្នកជំនាញបន្តថា ការដាំដំណាំបន្លែគ្រប់ប្រភេទនៅក្នុងផ្ទះសំណាញ់ គឺមិនទាន់មានការប៉ះពាល់ខ្លាំងដល់ផលដំណាំនោះជាលក្ខណៈធំដុំនៅឡើយនោះទេ។

សហគមន៍កសិកម្មតាសី ដែលដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង លោក ណុប ណុន ជាប្រធានសហគមន៍កសិកម្មតាសី បានលើកឡើងថា មកដល់ពេលនេះ ស្ថានភាពនៃភាពក្តៅហួតហែងខ្លាំងបែបនេះ មិនទាន់រងនូវផលប៉ះពាល់ខ្លាំងដលល់ផលដំណាំដែលដាំនៅក្នុងផ្ទះសំណាញ់ នោះទេ ជាពិសេសលើបញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្រព។ លោកបន្តថា ការដាំដំណាំបន្លែ ក្នុងផ្ទះសំណាញ់ ធ្វើឲ្យមានភាពងាយស្រួលទាំងការគ្រប់គ្រងជី ទឹក និងថ្នាំសម្លាប់សត្វល្អិត បានកាន់តែល្អប្រសើរជាងមុន។

បើប្រធានសហគមន៍កសិកម្មតាសី បានបញ្ជាក់ថា សមាជិកសហគមន៍កសិកម្មតាសី មានដាំបន្លែក្នុងផ្ទះសំណាញ់រហូតមកដល់នឹងពេលនេះ បានចំនួន២៦០ផ្ទះសំណាញ់ និងមានជាង១០០ខ្នងទៀតកំពុងតែធ្វើការសាងសង់ ហើយការដាំដំណាំទាំងនោះ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃភាពក្តៅហួតហែងខ្លាំង តែមិនទាន់រងនូវផលប៉ះពាល់ខ្លាំងនោះទេ។

មន្រ្តីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ គឺថាអាចគ្រប់គ្រងទឹក គ្រប់គ្រងជី និងការថែទាំបានល្អជាងការដាំដំណាំនៅលើទីវាល។ មន្រ្តីកសិកម្ម បានអំពាវនាវដល់ប្រជាកសិករទាំងអស់ បើមានជួបនឹងបញ្ហាលើផលដំណាំរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅតាមក្រុង ស្រុក និងខេត្ត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវការខាតបង់ថ្លៃដើមផលិតឲ្យនៅទាបបំផុត។

គួរបញ្ជាក់ថា ការដាំបន្លែក្នុងផ្ទះសំណាញ់ ត្រូវបានគេអនុវត្តជាទូទៅលើវិស័យកសិកម្ម ជាពិសេសការដាំបន្លែដែលអាចផ្ដល់ទន្និផលខ្ពស់ ដោយសារវាអាចការពារឥទ្ធិពលកាំរស្មីពន្លឺព្រះអាទិត្យ បម្រែបម្រួលអាកាសធាតុ ខ្យល់ តំណក់ទឹកភ្លៀង សត្វល្អិត និងភ្នាក់ងារចម្លងជំងឺតាមបរិយាកាសជាដើម៕
