ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា ពលរដ្ឋខ្មែរ ១៦នាក់ ត្រូវបានក្រសួងការបរទេសអន្តរាគមន៍ ជួយឲ្យបានត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេបានចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយបរទេសចិន និងខ្លះទៀតមិនទ្រាំទ្រជាមួយការងារបាន។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋដែលជួយអន្តរាគមន៍ឲ្យបានត្រឡប់មកស្រុកកំណើតវិញនេះរួមមាន៖
១. ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរចំនួន ៧នាក់ មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង ក្រចេះ តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់ បោកបញ្ឆោតនាំទៅរៀបការ ដោយខុសច្បាប់នៅក្នុងប្រទេសចិន។ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំឯកសារ ធ្វើដំណើរដល់ស្ត្រីរងគ្រោះទាំង៧នាក់ ហើយពួកគេ បានមកដល់កម្ពុជាវិញ នៅថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០១៨។
២. ស្ថានឯករាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរចំនួន ៤នាក់ ដែលត្រូវបានមេខ្យល់ បោកបញ្ឆោតបម្រុងយកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ស្ត្រីរងគ្រោះទាំងនោះ មកពីខេត្តកណ្តាល កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានមេខ្យល់ នាំធ្វើដំណើរពីកម្ពុជា ទៅដល់វៀតណាម នៅចុងខែមិថុនា ហើយបម្រុងបន្តដំណើរ ឆ្លងកាត់ព្រំដែនទៅប្រទេសចិន តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ជួយសង្គ្រោះទាន់ពេល។ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ស្ត្រីទាំង៤នាក់ ហើយបានរៀបចំមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ នៅថ្ងៃទី៤ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ។
៣. ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ រៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីជាអនីតិជនខ្មែរចំនួន៣នាក់ មានអាយុពី១៣ឆ្នាំ ដល់១៦ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយការជួញដូរមនុស្ស តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៨។
៤. ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានសម្របសម្រួលជួយរៀបចំ មាតុភូមិនិវត្តន៍របស់ស្ត្រីបម្រើការជាមេផ្ទះខ្មែរ១នាក់ ដែលពុំអាចទ្រាំទ្រការងារនៅអារ៉ាប៊ីសាអូឌីត មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។
៥. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងស៊ីអាន ប្រទេសចិន បានធ្វើអន្តរាគមន៍ និងរៀបចំមាតុភូមិនិវត្តន៍ស្ត្រីខ្មែរ ១នាក់ ដែលចាញ់បោកមេខ្យល់ និងត្រូវបានអាជ្ញាធរចិន ឃាត់ខ្លួនពីបទរស់នៅខុសច្បាប់ ។ ស្ត្រីរងគ្រោះបានមកដល់កម្ពុជាវិញ នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨៕ ដោយ ៖ កូឡាប