ភ្នំពេញ៖ ការសាងសង់ចំណតកំពង់ផែថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក គឺពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក គាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យ កត់ សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០២២បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានចំនួន ៧លានតោន កើនឡើង ០.១៨ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារអាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍ និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ដែលរួមមានដូចជា៖ ការសាងសង់ផែកុងតឺន័រជម្រៅទឹក ១១.៥ម៉ែត្រ, ការសាងសង់ចំណតផែពហុបំណង ជម្រៅទឹក ១៣.៥ម៉ែត្រ, ការសាងសង់ ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេង, ការបំពាក់ឧបករណ៍ និងមធ្យោបាយ លើកដាក់កុងតឺន័រ, ការសាងសង់ទីលានស្តុកកុងតឺន័រ ឃ្លាំងទំនិញ និងចំណតរថយន្តដឹកកុងតឺន័រ និងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសជាដើម។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងធ្វើឱ្យ កំពង់ផែនេះ កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញបានយ៉ាងឆាប់រហ័ស ព្រមទាំង មានតម្លៃថោក សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសនៅក្នុងតំបន់។

គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារអាមេរិក។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ មានការកើន ឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិ មានការកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០២២ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានចំនួន ៧លានតោន កើនឡើង ០.១៨ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ ប៊ី លានរៀល (ប្រមាណ ៨៤ លានដុល្លារអាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១៕
