Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  ស្នើឲ្យក្រុមហ៊ុនចិន វិនិយោគបង្កើតរោងចក្រផលិតទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ ប្រតិភូសាខាការិយាល័យក្រុមហ៊ុន  Branch China Railway ១១th Bueau Corporation Ltd  ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិន មានប្រវត្តិកកើតឡើងជាង៧០ ឆ្នាំមកហើយ និងបានអនុវត្តគម្រោងធំៗជាច្រើននៅប្រទេសចិន និងនៅកម្ពជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនៅទីស្តីការក្រសួង ដែលបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ទាំងខ្នាតធំ និងខ្នាតតូច  សម្រាប់ផ្គត់ផ្គង់ ការប្រើប្រាស់របស់ប្រជាពលរដ្ឋទាំងតបន់ទីក្រុង ទីប្រជុំជន ជនបទ តំបន់ដាច់ស្រយ៉ាល  និងតំបន់កោះនៅប្រទេសកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងថា កម្ពុជាពិតជាមានតម្រូវការខ្លាំងណាស់លើការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន  និងគោលដៅអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់ឆ្នាំ២០២៥  គឺទីប្រជុំជនមានទឹកស្អាតប្រើប្រាស់១០០%  និងឆ្នាំ២០៣០ ទឹកស្អាសម្រាប់ទាំងអស់គ្នា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពការផលិតទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ  ដែលពួកគាត់បច្ចុប្បន្នកំពុងប្រើប្រភពក្រោមដី  បឹងបួរ ស្រះត្រពាំង ដែលជាប្រភពទឹកមិនស្អាត ជាពិសេសរងឥទ្ធិពលជាតិ គីមីពុល  ដោយសារការទម្លាក់គ្រាប់បែក និងរោយម្សៅព័ណ៍ទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងចុងទស្សវត្សន៍ទី៦០ និងដើមទស្សវត្សន៍ទី៧០។ ហើយបើពួកគាត់ប្រើប្រភពទឹកពីដងទន្លេមេគង្គ ក៏មិនបានធ្វើប្រព្រឹត្តកម្មសម្លាប់មេរោគឲ្យបានត្រឹមត្រូវផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដូច្នេះនេះជាគម្រោងធំ ដែលត្រូវមានកិច្ចសហការគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនចិន និងដៃគូអភិវឌ្ឍន៍ ឬក៏ជាជំនួយឥតសំណងរបស់ចិន ហើយយអនុវត្តដោយក្រុមហ៊ុនចិនតែម្តង។ ក្នុងនោះមានតំបន់ជាច្រើនទៀត លទ្ធភាពអាចយកទឹកពីបឹងទន្លេសាបផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតំបន់ពាយ័ព្យប្រទេស តាមបណ្តោយព្រំដែនថៃ ជាដើម។

ដោយឡែក ខេត្តព្រះសីហនុ ដែលជាខេត្តចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណង គឺលទ្ធភាពយកទឹកពីទំនប់វារីអគ្គិសនីកំចាយ និងក៏ប្រភពទឹកពីកំពង់សិលា សម្រាប់ផ្គត់ផ្គង់ភាគខាងជើងរបស់ខេត្ត។ រីឯ នៅតំបន់កោះ ដែលមិនធ្លាប់មានការផលិតទឹកស្អាតទាល់តែសោះនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពតម្លើងម៉ាស៊ីនចម្រោះទឹកខ្នាតតូច ដាក់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅ ឬយើងអាចប្រើបច្ចេកវិទ្យាចម្រោះទឹកសមុទ្រផលិតចេញជាទឹកស្អាតបាន។

លោក  LIU JIANG ប្រធានប្រតិភូសាខាការិយាល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd បានបង្ហាញនូវជំហរចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីកម្ពុជាសម្រេចបានតាមគោលដៅសម្រាប់ឆ្នាំ២០៣០។ នៅពេលខាងមុខ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេទេសមកសិក្សាស្វែងយល់ពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ហើយភាគីទាំងពីរ នឹងឈានទៅចុះអនុស្សរណ:យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឲ្យការអនុវត្តគម្រោងការនានាប្រកបដោយជោគជ័យ ឈរលើផលប្រយោជន៍ទៅវិញទៅមក និងមិត្តភាពយូរអង្វែងផងដែរ៕

×