ខេត្តព្រះសីហនុ៖ នៅកម្ពុជា ការលក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) កំពុងពេញនិយមពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសបរទេសដែលចូលមកទស្សនាកម្ពុជា ជាពិសេសខេត្តដែលមានភ្ញៀវទេសចរបរទេសមកលេងកម្សាន្តច្រើនដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។

ជាមួយគ្នានេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ អាជ្ញាធរមូលដ្ឋាន បានជំរុញនិងពង្រឹងគុណភាពសេវាកម្ម និងម្ហូមអាហារ ប្រកបដោយអនាម័យ និងការយកចិត្តទុកដាក់ចំពោះភ្ញៀវ ព្រមទាំងការបណ្តុះបណ្តាលជាដើម។
វគ្គបណ្តុះបណ្តាលមួយស្តីពីការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍លក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ SEA Games ២០២៣ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” នៅខេត្តព្រះសីហនុ ត្រូវរៀបចំឡើង ដើម្បីផ្តល់ចំណេះដឹង និងជំនាញទៅដល់បងប្អូនប្រតិបត្តិករ និងអាជីវករទេសចរណ៍សិស្សនិស្សិតក្នុងខេត្ត នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំការបង្ហាត់បង្ហាញដោយលោក គឹម សេរីរដ្ឋ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ។

លោក គឹម សេរីរដ្ឋ ក៏បានអំពាវនាវទៅដល់បងប្អូនប្រតិបត្តិករ និងអាជីវករទេសចរណ៍ ឱ្យចូលរួមរក្សានូវសណ្តាប់ធ្នាប់ អនាម័យម្ហូបអាហារដែលដាក់លក់ដូរប្រចាំ ក៏ដូចជានៅព្រឹត្តិការណ៍ SEA Games ២០២៣នេះ ត្រូវចូលរួមអនុវត្តតាមសារណែនាំ លេខ០០៥ ស្ដីពីការពង្រឹងគុណសេវាកម្មទេសចរណ៍-បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរការរៀបចំព្រឹត្តិការណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមពង្រឹងគុណភាពអនាម័យម្ហូបអាអាហារចំពោះបងប្អូនដែលប្រកបរបរលក់ដូរនៅតាមរ៉ឺម៉ករទេះតាមដងផ្លូវសាធារណៈក៏ដូចជាតាមតំបន់ឆ្នេរត្រូវមានអនាម័យនិងត្រូវអនុវត្តវិធានសុវត្ថិភាពម្ហូបអាហារមានអនាម័យស្អាត ដូចនេះហើយទើបក្រសួងទេសចរណ៍សហការជាមួយនឹងមន្ទីរទេសចរណ៍បានបើកវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយទៅដល់បងប្អូនទាំងអស់ដែលកំពុងប្រកបរបរនៅតាមទីសាធារណៈ សូមលក់ដូរឲ្យមានអនាម័យដើម្បីចូលរួមជាមួយវិធានការសុវត្ថិភាពម្ហូបចំណីអាហារ។បម្រើដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ដោយឡែកសម្រាប់ខេត្តព្រះសីហនុក៏មានបីប្រភេទកីឡាចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែររួមមាន ការប្រកួតកីឡាលើឆ្នេរខ្សាច់ ការប្រកួតម៉ូតូទឹកនិងការប្រកួតទូកក្តោង។

គួរបញ្ជាក់ថា ការចូលរួមលើកកម្ពស់ពង្រឹងគុណភាពទេសចរណ៍បដិសណ្ឋារកិច្ចគុណភាពសេវាកម្មម្ហូបអាហារនៅតាមដងផ្លូវសាធារណៈ ក៏ដូចជាការលក់ដូរនៅតាមរទេះរឺម៉ក តាមតំបន់ឆ្នេរ ត្រូវមានសណ្ដាប់ធ្នាប់រក្សាអនាម័យ ដើម្បីទាក់ទាញបង្ហាញទៅដល់ភ្ញៀវទេសចរ មកលេងខេត្តព្រះសីហនុ និងទទួលទានម្ហូបអាហារនៅតាមដងផ្លូវដែលមានគុណភាព និងមានអនាម័យស្អាត៕

