ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញវីដេអូដ៏ញាក់សាច់មួយ បង្ហាញពីសកម្មភាពបុរសជើងខ្លាំងម្នាក់ បានស្រែកឡូឡាខ្លាំងៗ ទៅកាន់ជាងកាត់សក់ម្នាក់ ដោយមិនដឹងខឹងរឿងអ្វី និងគំរាមបាញ់បោះ ធ្វើឲ្យជាងកាត់សក់ភ័យឡើងញ័រដូចកូនសត្វ ខណៈអតិថិជនម្នាក់ បង្ខំចិត្តចាកចេញពីក្នុងហាងទាំងមិនទាន់កាត់សក់រួចរាល់។ ហេតុការណ៍នេះបានកើតឡើងហាងកាក់សក់មួយកន្លែង ស្ថិតនៅផ្លូវលូ១០៥ បឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ វេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពហាង បានបង្ហាញបុរសជើងខ្លាំងរូបនោះ ចូលមកស្តីឲ្យជាងកាត់សក់ ដែលកំពុងកាត់សក់ឲ្យភ្ញៀវ ដោយស្រែកគំរាមខ្លាំងៗប៉ុន្មានម៉ាត់ រួចក៏ចេញទៅខាងក្រៅ។ ប៉ុន្តែ មួយសន្ទុះក្រោយមក ក៏បានត្រឡប់មកវិញ នាំយកជាមួយគ្រាប់កាំភ្លើងចំនួន៣គ្រាប់ មកបង្ហាញបាចទៅលើកម្រាលការ៉ូឲ្យឃើញស្តែងៗ រួចនិយាយថា «និ! អ្ហែងយកទៅ អ្ហែងចង់បាញ់ប៉ុន្មានគ្រាប់ អញបាញ់ឲ្យមើល បាញ់អត់ អ្ហាស!»។ ប្រហែលប្រញាប់ប្រញាល់លឿនពេក ភ្លេចយកកាំភ្លើងមកតាម ក៏បានចេញទៅវិញ រួចចូលមកម្តងទៀត លើកអាវបង្ហាញឲ្យឃើញកាំភ្លើងសៀតនៅនឹងចង្កេះ ប្រាប់ទៅជាងកាត់សក់នោះថា «អ្ហែងឃើញកាំភ្លើងទេ កុំភ្លើ!» និងសូម្បីចង្អុលប្រាប់ថា «អ្ហែងដឹងថា គ្រាប់១គ្រាប់ប៉ុន្មានអត់ ១គ្រាប់15$ ណា៎!»។
ទោះជាយ៉ាងណា ក្រោយវីដេអូនេះបានត្រូវបានចែករំលែកផ្ទុះក្តៅគគុក មិនបានប៉ុន្មានម៉ោង បុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកាំភ្លើងដែលសៀតសម្ញែងនៅនឹងចង្កេះ គំរាមបាញ់ជាងកាត់សក់នោះ សមត្ថកិច្ចបញ្ជាក់ថា ជាកាំភ្លើងហ្គាសប៉ុណ្ណោះ ប៉ុន្តែ បុរសរូបនេះមានគ្រាប់កាំភ្លើងពិតៗចំនួន៣គ្រាប់ ពិតប្រាកដមែន។
ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងជិះរថយន្ដមួយគ្រឿងម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។
ក្រោយពីបានឃើញបែបនេះ មហាជនបានសម្តែងការហួសចិត្ត និងដាក់ឲ្យបែបនេះថា៖ «សំណាងជាងកាត់សក់ហើយ ដែលអាប៉ិហ្នឹងមានត្រឹមកាំភ្លើងហ្គាស យកមកគំរាម, ត្រឹមមុខរបរជាអាជីវករខ្លាំងប៉ុណ្ណឹងហើយ ចុះទម្រាំមានបុណ្យស័ក្តលើស្មាទៀត មិនដឹងសាហាវយ៉ាងណាទេ, ចេះរកកន្លែងគុកឃើញអាឈឹម,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





