ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែឧសភានេះ បានជំរុញឲ្យការធ្វើដំណើរតាមផ្លូវអាកាសនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងដោយមានអត្តពលិកជាង ១០,០០០នាក់មកពីគ្រប់តំបន់ចូលរួមដើម្បីការប្រកួតលើប្រភេទវិញ្ញាសារផ្សេងៗនៅកម្ពុជា។

បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា មានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវអាកាសតាមរយៈអាកាសដ្ឋានអន្តរជាតិភ្នំពេញបានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់។លោក បានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងខែឧសភានេះ មានការកើនឡើង ១៥ភាគរយ បើប្រៀបធៀបនឹងខែមុន។ លោកថា ជើងហោះហើរនៅកម្ពុជា ជាធម្មតាកើនឡើងអត្រាជាមធ្យមប្រហែល ១០ ភាគរយក្នុងមួយខែ។ ប៉ុន្តែក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ អត្រាហោះហើរកើនឡើងជិតកើនឡើង ១៥ភាគរយបើប្រៀបធៀបនឹងខែមុន។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលថ្មីៗកន្លងទៅនេះថា កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ឯកឧត្តមបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផលិតផលទេសចរណ៍មួយដ៏សំខាន់ ដែលអាស៊ានបានចាត់ទុកជាព្រឹត្តិការណ៍ទេសចររបស់អាស៊ាន មិនមែនត្រឹមតែជារបស់កម្ពុជាប៉ុណ្ណោះទេ គឺជាការចូលរួមរបស់អាស៊ាន និងអាស៊ីអាគ្នេយ៍ទាំងមូល។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ហើយរាល់ការចំណាយ ក្នុងព្រឹត្តិការណ៍កីឡានេះ គឺជាការចំណាយរបស់រាជរដ្ឋាភិបាល រួមទាំងថ្លៃស្នាក់នៅ អាហារហូបចុក របស់គណប្រតិភូ និង អត្តពលិកគ្រប់ប្រទេសដែលមកចូលរួមការប្រកួត ក៏ដូចជាសំបុត្រចូលទស្សនាមិនគិតថ្លៃជូនប្រជាជនកម្ពុជា និងជនបរទេសផងដែរ៕
