ភ្នំពេញ៖ បណ្តាញអគ្គិសនី ដែលមានស្រាប់ បានជួយឱ្យប្រទេសកម្ពុជា សម្រេចបាននូវអត្រាទទួលបានថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ នៅតាមភូមិចំនួន ៩៨,២៧ ភាគរយ នៅឆ្នាំ២០២២។

តាមរយៈការកែលម្អរបណ្តាញអគ្គិសនី កម្ពុជានៅសល់តែភូមិចំនួន ២៤៥ទៀតប៉ុណ្ណោះ ដែលនៅហួសពីលទ្ធភាពទទួលបាននាពេលបច្ចុប្បន្ន ដែលរួមមាន៖ ភូមិនៅដាច់ស្រយាលហួសហេតុ ភូមិគ្មានផ្លូវចូលទីតាំងនៅលើកោះ បឹង ឬទន្លេ ដែលត្រូវបានជន់លិចជាអចិន្ត្រៃយ៍ ក្នុងរដូវវស្សា ឬអណ្តែតលើផ្ទៃទឹក។

ទន្ទឹមនឹងនេះ កម្ពុជា ក៏បានខិតខំប្រឹងប្រែង ដើម្បីកែលម្អបណ្តាញបញ្ជូនអគ្គិសនី ដោយគ្រោងចំណាយថវិកា១,៨ ពាន់លានដុល្លារ យោងតាមផែនការអភិវឌ្ឍន៍ថាមពល (PDP) ឆ្នាំ២០២២-២០៤០ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។

ក្នុងចំណោមទាំងនោះ ថវិកាចំនួន ៨១៦ លានដុល្លារ សម្រាប់គម្រោងអាទិភាពការអភិវឌ្ឍនៅឆ្នាំ២០២៥ ខណៈដែលទឹកប្រាក់ចំនួន ៩៨០ លានដុល្លារទៀត សម្រាប់ការអភិវឌ្ឍបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ (High Voltage) (HV) ជាពិសេសសម្រាប់ការដំឡើងខ្សែ ២៣០ kV និង ៥០០kV។

អ្នកជំនាញលើកឡើងថា ខ្សែបញ្ចូនតង់ស្យុង ៥០០ kV សមមូលជាអនុភាពសកម្មសរុបរបស់វារីអគ្គិសនីផលិតអនុភាពសរុបបានចាប់ពីរ ១០០០ MW ឡើង ជាខ្សែបញ្ចូនឆ្ងាយក្នុងចម្ងាយលើសពីរ ៥០០ km ឡើង ដោយរក្សាតង់ស្យុងបាត់បង់អនុភាពអសកម្មសរុបតិច នៅលើខ្សែបញ្ចូនអគ្គិសនី ក្នុងលទ្ធិភាពធ្វើការផ្ទាល់ចេញពីរត្រង់ស្វូម៉ាទ័រ។

ចំណែកខ្សែបញ្ចូនតង់ស្យុង ២៣០ kV អនុភាពសកម្មសរុបរបស់វារីអគ្គិសនីផលិតអនុភាពបាន ចាប់ពីរជាមធ្យម ៤០០MW ឡើង ជាខ្សែបញ្ចូនអគ្គិសនីមធ្យមក្នុងចម្ងាយលើសពីរ ២៣០ km បញ្ចូនផ្ទាល់តាមរយៈចម្ងាយលើស ២២៣០ kV មានអនុស្ថានីយ៍បញ្ចូនមួយ ដោយរក្សាតង់ស្យុងបាត់បង់អនុភាពអសកម្មសរុបតិចនៅលើខ្សែបញ្ចូន ក្នុងលទ្ធិភាពធ្វើការផ្ទាល់ចេញពីរត្រង់ស្វូម៉ាទ័រ។
ផែនការអភិវឌ្ឍន៍ថាមពល (PDP) របស់កម្ពុជា ឆ្នាំ២០២២-២០៤០ ដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញពីផែនការអភិវឌ្ឍន៍ការបញ្ជូន ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន និងផ្តល់នូវយុទ្ធសាស្ត្រសន្សំសំចៃសម្រាប់ការពង្រីកបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ (HV) ដើម្បីឆ្លើយតប នឹងការកើនឡើងនៃតម្រូវការ ដែលបានព្យាករណ៍។
ផែនការអភិវឌ្ឍន៍ថាមពល (PDP) ក៏ស្នើផែនការអភិវឌ្ឍន៍ការចែកចាយថាមពល ដែលរួមមានការអភិវឌ្ឍន៍ខ្សែបញ្ជូនរង និងបណ្តាញចែកចាយ។ ចាប់ពីឆ្នាំ២០២២ ការអភិវឌ្ឍន៍ខ្សែបញ្ជូនរងគឺជាបន្ទុករបស់អគ្គិសនីកម្ពុជា EDC ចំណែកការអភិវឌ្ឍន៍ខ្សែចែកចាយជាបន្ទុករបស់អ្នកទទួលបានអាជ្ញាប័ណ្ណអគ្គិសនីនៅទីតាំងនីមួយៗ ដែលជា EDC ឬអាជ្ញាបណ្ណឯកជន។ ធាតុផ្សំនៃផែនការ PDP នេះក៏បានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗក្នុងការផ្គត់ផ្គង់ថាមពលដល់តំបន់ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ផងដែរ។
កម្ពុជា ក៏បានចាប់ផ្តើមអនុវត្តគោលនយោបាយជាតិប្រសិទ្ធភាពថាមពល ដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលចុងក្រោយសរុប (TFEC) ចំនួន១៩ភាគរយ នៅឆ្នាំ២០៣០ខាងមុខ នៅក្នុងសេណារីយ៉ូ “Business-As-Usual (BAU)”៕