Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់ដូរចំណីអាហារតាមផ្លូវលើកឡើងថា ពួកគាត់លក់ដាច់ជាងមុន នៅតាមទីតាំងប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានរៀបចំនៅតាមទីតាំង​មួយចំនួន ដូចជា នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ វិមានពហុកីឡដ្ឋានជាតិអូឡាំពិច និងទីតាំងតាមបណ្តាខេត្តផ្សេងៗ។

ចំណែកឯអ្នកលក់ដូរចំណីអាហារតាមផ្លូវ ក៏ដូចជាអាជីវករខ្មែរមួយចំនួន បានបង្ហាញអារម្មណ៍រំភើបរីករាយ ខណៈការលក់ដូររបស់ពួកគាត់ មានអតិថិជនចូលទិញជាហូរហែ ក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ពលរដ្ឋរាប់ម៉ឺននាក់មានទាំងខ្មែរ និងបរទេស បានចូលរួមទស្សនានៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ អាជីវករដែលលក់ម្ហូបអាហារ ក៏ដូចជា គ្រឿងឧបភោគបរិភោគផ្សេងៗគ្នាជាច្រើននាក់ បានបង្ហាញទឹកមុខរីករាយ និងត្រេតអរចំពោះព្រឹត្តិការណ៍នេះ ដោយពួកគាត់ដាក់លក់ចំណីអាហារដាច់ជាងមុន ពោលគឺលក់ដាច់ខុសពីធម្មតា ដោយសារតែប្រជាពលរដ្ឋដែលជាអ្នកគាំទ្រវិស័យកីឡា បានមកចូលរួមទស្សនាយ៉ាងច្រើន និងបានទិញចំណីអាហារផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានផ្តល់អាហារ កន្លែងស្នាក់នៅ និងដឹកជញ្ជូនដល់គណៈប្រតិភូកីឡាស៊ីហ្គេមមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះឈ្មោះមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ក្រោយម្ចាស់ផ្ទះកម្ពុជា មិនតម្រូវឱ្យប្រតិភូពីបណ្តាប្រទេសទាំងនោះ បង់ថ្លៃ ៥០ដុល្លារម្នាក់ក្នុងមួយថ្ងៃ ដូចប្រទេសអាស៊ីអាគ្នេយ៍មុនៗដែលរៀបចំឡើយ។

ការសម្រេចមិនយកប្រាក់ថ្លៃហូបចុក ស្នាក់នៅ និងដឹកជញ្ជូនរបស់ម្ចាស់ផ្ទះកម្ពុជានេះ បានជួយសម្រួលលើការចំណាយរបស់ប្រទេសចូលរួមច្រើនផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចមិនយកថ្លៃសិទ្ធិផ្សាយរបស់ទូរទស្សន៍ និងបានប្រកាសឱ្យមហាជន ចូលទស្សនាដោយឥតគិតថ្លៃគ្រប់ព្រឹត្តិការណ៍ ក្នុងការប្រកួតផងដែរ។

គួរបញ្ជាក់ថា នេះជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មិនធ្លាប់មានពីមុនមកដែរ។ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចូលមកដល់ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា។ កម្ពុជានឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ម្តងទៀត សម្រាប់គណៈប្រតិភូកីឡាទាំងអស់ ដែលចូលមកប្រទេសកម្ពុជា៕

×