Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលខ្មែរ ៤៥សហគ្រាស ដែលបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានមរតកតេជោ បង្ហាញពីសក្តានុពលផលិតផលខ្មែរ

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម SME ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយសហគ្រាសជាង ៩០ ភាគរយនៅកម្ពុជា ជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលផ្តល់ការងារជាង ៧០ ភាគរយ ស្មើនឹងប្រមាណ ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា សហគ្រាស SME បានដើរតួនាទីសំខាន់​ក្នុងការជំរុញសេដ្ឋកិច្ចជាតិ បង្កើតការងារដល់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម សហគ្រាសចំនួន៤៥ មានឱកាសបានចូលរួមដាក់លក់ផលិតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានមរតកតេជោ ចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលខ្មែរ តាមរយៈគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ។​

អាជីវករមួយរូបដែលមានឈ្មោះថា សៀមគីម បានថ្លែងអំណរគុណចំពោះដល់គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដែលបានផ្តល់ឱកាសឱអនុញ្ញាតឱ្យគាត់ អាចយកផលិតផលខ្មែរជាច្រើនមុខមកបង្ហាញឱ្យពិភពលោកបានស្គាល់។ ម្ចាស់អាជីវកម្ម និងសិប្បកម្ម បានអំពាវនាវ ដល់ភ្ញៀវជាតិ ដែលមកចូលរួមទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជួយគាំទ្រផលិតផលខ្មែរឱ្យបានច្រើន ការជួយទិញ គឺជាការផ្ដល់កម្លាំងចិត្តដល់អ្នកផលិត និងបង្កើតការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ បានរៀបចំស្តង់ចំនួន២០ ហើយមានសហគ្រាស សហគមន៍ សិប្បករ អាជីវករចំនួន៤៥សហគ្រាស បានចូលរួមលក់ និងដាក់តាំងផលិតរបស់ខ្លួនបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ។

លោកមានប្រសាសន៍ ការតាំងបង្ហាញក្នុងគោលបំណងចង់បង្ហាញពីសក្តានុពលផលិតផលខ្មែរ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីខ្មែរ និងបរទេសបានស្គាល់និងទិញទៅប្រើប្រាស់ និងបរិភោគដែលខ្មែរធ្វើបាន។

គួរបញ្ជាក់ថា ផលិតផល ដែលបានដាក់បង្ហាញនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ មានដូចជា៖ សម្លៀកបំពាក់ ចំណីអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ គ្រឿងសម្អាង និងគ្រឿងចម្លាក់ ដែលជាស្នាដៃរបស់កូនខ្មែរ៕

×