កំពង់ស្ពឺ៖ កំពង់ស្ពឺ បាននិងកំពុងក្លាយជាខេត្តគោលដៅរបស់ក្រុមអ្នកវិនិយោគជាច្រើន ដែលបច្ចុប្បន្ន ខេត្តនេះមានរោងចក្រ សហគ្រាស សរុបចំនួន ៣៨៥ កន្លែង និងមានកម្មករ និយោជិតសរុប ១៥៧,០២៧នាក់ ស្រី ១១៥,៨៩៧នាក់។ ក្នុងនោះ វាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៩១កន្លែង មានកម្មករ និយោជិតសរុបចំនួន ១៤៣,៩៦៧នាក់ ស្រី ១០៩,៣៦៨នាក់ ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតប្រមាណ ៥០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនិងស្ថេរភាពនយោបាយនេះបានបង្កឱកាសឱ្យកម្ពុជាអាចរៀបចំព្រឹត្តិការស៊ីហ្គេមដ៏ធំ ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំអស់រយៈពេលជាង៦៤ឆ្នាំមកហើយ។

អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា សន្តិភាព និងស្ថេរភាពនយោបាយ បានផ្តល់ទំនុកចិត្តដល់អ្នកវិយោគចូលមកបណ្តាក់ទុន និងបានបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ធ្វើឲ្យកម្ពុជាបាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យឧស្សាហកម្ម បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។

នៅក្នុងឆ្នាំ១៩៩៣ ប្រទេសកម្ពុជា មានសហគ្រាសត្រឹមតែ ៥១សហគ្រាសប៉ុណ្ណោះ តែបើគិតមកដល់ខែឧសភា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា មានរោងចក្រសហគ្រាសរហូតដល់១៩៩៧ រោងចក្រ សហគ្រាស ហើយបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែបានប្រមាណជាង១លាននាក់ ដែលទាំងនេះ បានឆ្លុះបញ្ចាំងពីតំលៃនៃសុខសន្តិភាព និងស្ថេរភាពនយោបាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ទំនុកចិត្ត និងភាពជឿជាក់ដល់អ្នកវិនិយោគ។

គួរបញ្ជាក់ថា នាឱកាសទជួបជាមួយកម្មករនោះ ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់បងប្អូនកម្មករ កម្មការិនី និយោជិតទាំងអស់ ត្រូវចូលរួមចំណែកថែរក្សាសុខសន្តិភាព ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ហើយកុំភ្លេចអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីរក្សាការងារ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ៕