ព្រះសីហនុ៖ នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ ៣០កោះ ក្នុងនោះ មានកោះជាង ២០កោះ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនឯកជនវិយោគ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការវិនិយោគនៅលើកោះ កំពុងតែមានការទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អភិបាលខេត្ត បានបន្ថែមថា តម្លៃនៃការការវិនិយោគ និងការចំណាយទៅលើការធ្វើទេសចរនៅលើកោះ មានការចំណាយច្រើនជាងការចំណាយនៅលើដីគោកធម្មតា។ បើតាមការវាយតម្លៃរបស់ឯកឧត្តម គួច ចំរើន ការវិនិយោគលើកោះ អាចចំណាយលើសការរវិនិយោគនៅលើដីគោកប្រមាណ៣ដង។

អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមកោះទាំងនោះ គឺមានតែកោះចំនួន៥ប៉ុណ្ណោះ ដែលមានការអភិវឌ្ឍលេចធ្លោជាងគេ ក្រៅពីនេះ ពុំសូវមាការអភិវឌ្ឍន៍នោះទេ។ កោះទាំង៥ ដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេនោះ រួមមាន កោះរុង, កោះរុងសន្លឹម, កោះឫស្សី, កោះក្របី និងកោះសង្សារ ហើយនៅមុនជំងឺកូវីដ-១៩ រាតត្បាត មានអ្នកវិនិយោគជាង ៥០% បានមកអភិវឌ្ឍន៍លើកោះទាំងនេះ ដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគ។

គួរបញ្ជាក់ថា បើតាមឯកឧត្តម គួច ចំរើន ចំពោះតម្លៃសេវានៅលើកោះ ដែលមានតម្លៃថ្លៃ ត្រូវបានឯកឧត្តម ចាត់ទុកថា ជាការលើកទឹកចិត្តមួយដល់អ្នកវិនិយោគ ដោយសារតែវាជាឱកាសសម្រាប់អ្នកវិនិយោគត្រូវចាប់យក ហើយនៅពេលដែលមានការវិនិយោគច្រើន ការផ្គត់ផ្គង់នៅលើកោះ កាន់តែមានភាពសម្បូរបែប ដែលអាចធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មនៅទីនោះ អាចនឹងមានការថយចុះជាងមុន និងមានភាពប្រកួតប្រជែង៕






