មហាជនពិតជាសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ធំធេងរបស់កីឡាការិនី ខាន់ ចេសា គឺពុំត្រឹមប្រឹងប្រែងប្រកួតយកកិត្តិយសជូនជាតិកម្ពុជា ប៉ុណ្ណោះទេ តែនាងថែមទាំងបានយកថវិការមួយចំនួនដែលទទួលបានពីការប្រកួត ដើម្បីបរិច្ចាគរួមចំណែកជាមួយច្ចាគជូនកាកបាទក្រហមកម្ពុជាផងដែរ ដែលនេះគឺជាកាយវិការ និងទឹកចិត្តដ៏សប្បុរសក្នុងនាមជាឈាមជ័រខ្មែរ។
កញ្ញា ខាន់ ចេសា ត្រូវបានដឹងថា បានឧបត្ថម្ភថវិកាចំនួន ១.០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
គុណតម្លៃ និងការលះបង់មួយនេះ ចេសា ទទួលបានក្តីស្រលាញ់កាន់តែខ្លាំង ពីប្រជាជនខ្មែរទូទាំងប្រទេស ខណៈមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានផ្តល់រូបបេះដូងព្រោងព្រាត និងលើកឡើងថា ទង្វើដ៏សប្បុរសធម៌នេះ ពិតជាសាកសមដែល ចេសា ទទួលបានការគាំទ្រ គោរពស្រលាញ់ពីប្រជាជនកម្ពុជាមែន។
គួរបញ្ជាក់ថា ចេសា គឺជាកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើនរាប់មិនអស់ ខណៈស្នាដៃធំៗដែលនាងដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងនាពេលថ្មីៗនេះ នាងដណ្តើមបានមេដាយមាសដ៏អស្ចារ្យជូនជាតិបន្ថែមទៀត ក្នុងការប្រកួត SEA Games លើកទី៣២ នៃវិញ្ញាសាជូជឺតស៊ូ ទម្ងន់៥២គីឡូក្រាម ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





