មានជនបរទេសខ្លះ ជនជាតិថៃខ្លះ នៅភូមិភាគកណ្ដាល បានចេញទៅតាមជនបទ ហើយបានឃើញពិធីរៀបការបែបខ្មែរ ក៏ពោលថាផ្សេងពីភូមិភាគកណ្ដាល ឬក៏ទោះបីជនជាតិខ្មែរនៅភូមិភាគឦសានក៏ដោយ ដែលនិយាយភាសា សួយ-លាវ ក៏និយាយថា ខុសប្លែកពីប្រពៃណីរបស់គេដែរ។ ដូចនេះអ្នកនិពន្ធសូមលើកយកមករៀបរៀងនៅក្នុងកម្មវិធីនានា ដែលទាក់ទងទៅការរៀបមង្គលការជូនជ្រាបជាបណ្ដើរៗ។ ព្រោះថា គ្រាន់តែបានឃើញត្រឹមពេលរៀបចំពិធីមង្គលនោះ វាប្លែករួចទៅហើយ ហើយនៅមានចំណែកដែលមិនបានឃើញទៀត វាចម្លែកយ៉ាងណា? ដូចជាជំនឿ ប្រស្នាផ្សេងៗ ពាក្យសួរចែចូវរវាងគ្នានិងគ្នា ទាំងអស់នេះសុទ្ធសឹងតែគួរជ្រាបដោយទូលំទូលាយស៊ីជម្រៅថែមទៀតផង។
កាលបើពេញចិត្តពេញថ្លើមលើកូនក្រមុំណាម្នាក់ហើយ ក៏ប្រាប់ដល់ចាស់ទុំឱ្យទៅចូលស្ដីដណ្ដឹង។ នៅក្នុងដំណាក់កាលដំបូងនេះ ចាស់ៗគាត់នឹងទៅខ្សឹបជាមុនសិន គឺគាត់ដើរទៅដោយស្ងាត់ៗ ម្នាក់ឬពីរនាក់ទៅរកអ្នកគ្រប់គ្រងសាមីខ្លួនខាងស្រី ដោយនាំយកទៅជាមួយនូវស្រា២ដប, ម្លូស្លាបារីទៅបន្ដិចបន្ដួច ធ្វើឫកហាក់ដូចជាទៅសួរសុខទុក្ខគ្នាលេង។បើសិនជាចាស់ទុំខាងប្រុស មិនស្គាល់ស្និទ្ធស្នាល ខាងស្រីឱ្យទៅជាមួយ។ ប៉ុន្ដែបើធ្លាប់ស្គាល់ ស្រឡាញ់រាប់អានគ្នាជាយូរមកហើយ ស្គាល់គ្នាច្បាស់លាស់ហើយ នោះក៏មិនមានបញ្ហាអ្វីដែរ។
ការទៅខ្សឹបនេះ គឺទៅសួរនាំថា កូនប្រុសខ្ញុំស្រឡាញ់កូនស្រីអ្នក តើអ្នកនឹងថាយ៉ាងណាដែរ? នឹងបង្គាប់បណ្ណាការចំនួនបុន្មាន? ទំហំណា? ខ្នាតណា? តើមានអ្វីជាទំនាស់ដែរឬទេ?។
ការខ្សឹបនេះសំខាន់ណាស់ គឺថាបើព្រមព្រៀងគ្នាបានហើយ ក៏នឹងកើតមាននូវពិធីចូលចែចូវ ស្ដីដណ្ដឹងរៀបការឡើង។ ប៉ុន្ដែបើមិនព្រមព្រៀងគ្នាទេ ដូចជាការទៅគន់គូរថ្ងៃ ខែ ឆ្នាំកំណើត ជោគជតារាសី សម្ពង្សនាគរួចអស់ហើយមិនល្អ ក៏មិនបានដែរ។ ឬក៏ខាងស្រីគេទារបណ្ណាការជំនូនចំណាយថ្លៃពេកនោះ ហើយខាងប្រុសធានាមិនបាន ក៏លើកលះគ្នាត្រឹមនោះឯង។ ដូច្នេះការប្រើពាក្យ ថាខ្សឹបនេះក៏ល្អម៉្យាងដែរ គឺថាមិនមានការខ្ចរខ្ចាយរឿងរ៉ាវវែងឆ្ងាយនាំឱ្យបាក់មុខបាក់មាត់ ខូចឈ្មោះបោះសំឡេងតទៅទៀតដែរ ហើយរឿងខ្សឹបសួរក៏ជម្រាបបានត្រឹមតែប៉ុណ្ណេះ៕
លីសា