ភ្នំពេញ៖ បន្ទាប់ពីរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសកល ស្ថិតក្នុងភាពមិនច្បាស់លាស់។ វិស័យធំៗជាច្រើន បានរងផលប៉ះពាល់ ជាក់ស្តែង វិស័យទេសចរណ៍ រងផលប៉ះពាល់ខ្លាំងជាងគេ។ ទន្ទឹមនិងនោះ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTAs នឹងជួយកម្ពុជា ក៏ដូចជាតំបន់ ស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញបន្ទាប់ពីរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន ១៥ប្រទេស រួមទាំងប្រទេសសមាជិកអាស៊ាន១០ ប្រទេស ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំង ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា មានជាមួយចិន និង កូរ៉េខាងត្បូង។

មន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំក្នុងតំបន់ នឹងជួយកម្ពុជាឲ្យចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៨ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP ជំរុញដល់កំណើនពាណិជ្ជកម្មប្រកបដោយចីរភាពសម្រាប់កម្ពុជា និងជាមេដែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលចាប់ផ្តើមសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបរហ័ស ហ្មត់ចត់ និងមានប្រសិទ្ធភាព ទៅលើវិធានការទប់ស្កាត់ និងស្រោចវ៉ាក់សំាងជួយប្រជាជនលើជំងឺរាតត្បាតកូវីដ១៩ ដែលបានជួយដល់កម្ពុជារក្សាបាននូវស្ថិរភាពនៃផលិតកម្ម បន្តសកម្មភាពអាជីវកម្ម និងការពារប្រជាជនក្រីក្រ ដែលរងផលប៉ះពាល់ដោយវិបិត្តិនេះ។
គួរបញ្ជាក់ថា នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយ កន្លងទៅថ្មីៗនេះ បាន្យដឹងថា ការព្យាករណ៍ ប្រទេសកម្ពុជា នឹងកំណើន ៥.៨ ភាគរយ នៅឆ្នាំ២០២៣ ស្ថិតក្នុងចំណោមប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP ដែលមានសេដ្ឋកិច្ចដ៏រឹងមាំបំផុតចំនួនបី រួមមានប្រទេសហ្វីលីពីន និងវៀតណាម៕