ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៩មាត្រា ដោយបង្ហាញពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ស្របតាមការកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរនិងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ក៏ដូចជាការបន្តនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការគាំទ្រដល់ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាព នូវគោលដៅសំខាន់នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃថា សម្រេចបាននូវកំណើនក្នុងអត្រា ៦,០% លទ្ធផលអនុវត្តជាក់ស្តែងនៃសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត សម្រេចបានល្អ រួមមាន ១. ផ.ស.ស. សម្រាប់មនុស្សម្នាក់សម្រេចបានរហូតដល់ ២ ៦៧៥ដុល្លារអាម៉េរិក ២. អតិផរណារក្សាបានស្ថិរភាពក្នុងអត្រា ០,៨% និង ៣. អត្រាប្តូរប្រាក់រៀលមានស្ថិរភាពជាមធ្យម ៤ ០៧០រៀល ក្នុងមួយដុល្លារអាម៉េរិក។
នៅក្នុងឆ្នាំ២០២៤ ចំណូលថវិការដ្ឋអនុវត្តបានចំនួន ២៩ ៩៥៩ ៦៨៥,៩លានរៀល ត្រូវជា ១៥,៨៧%នៃ ផ.ស.ស. ហើយស្មើនឹង ៩១,៧% នៃច្បាប់ហិរញ្ញវត្ថុ។ ទន្ទឹមនេះ ការចំណាយថវិការដ្ឋអនុវត្តបានចំនួន ៣២ ៨៣៥ ៧៣៥,១លានរៀល ត្រូវជា ១៧,៣៩% នៃ ផ.ស.ស. ហើយស្មើនឹង ៩០,៤% នៃច្បាប់ហិរញ្ញវត្ថុ។ ជារួម ការអនុវត្តថវិកាឆ្នាំ២០២៤ នៅតែអាចសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដូចការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុ ដែលសបញ្ជាក់ថា ថវិកាឆ្នាំ២០២៤ បានដើរតួជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការរក្សាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនលើកកម្ពស់សមធម៌ និងបន្តជំរុញការអភិវឌ្ឍសង្គម ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



