ព្រះសីហនុ៖ ខេត្តជាប់សមុទ្រមួយនេះ ជាតំបន់ដែលជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារជាផ្នែកធំនៃវិស័យពាណិជ្ជកម្ម ភស្តុភារ និងទេសចរណ៍។ល។

របៀងសេដ្ឋកិច្ចប្រទេសទាំងបី កម្ពុជា វៀតណាម ថៃ បានចាប់អារម្មណ៍ទឹកដីខេត្តព្រះសីហនុ រៀបចំការជួបជុំ ជាលើកដំបូងក្នុងគោលបំណង ជំរុញលំហូរទេសចរណ៍តំបន់ឆ្នេរនៃរបៀងសេដ្ឋកិច្ចប្រទេសទាំងបី នៅក្នុងនោះក៏មានការរៀបចំជំនួបធុរកិច្ចទេសចរណ៍ អ្នកលក់ អ្នកទិញនៃរបៀងសេដ្ឋកិច្ចប្រទេសទាំងបីផងដែរ ខណៈពិព័រណ៍ទេសចរណ៍ និងកីឡា បានជ្រើសរើសខេត្តព្រះសីហនុ រៀបចំធ្វើឡើង រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងតំណាងខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំងបី កម្ពុជា វៀតណាម ថៃ បានចូលរួមក្នុងកិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឱ្យដឹងថា នេះជាលើកទី១ហើយ សម្រាប់ខេត្តព្រះសីហនុ ដែលមានប្រទេសចំនួន៣ កម្ពុជា វៀតណាម ថៃ ធ្វើឡើងក្នុងគោលបំណងជំរុញលំហូរទេសចរណ៍តំបន់ឆ្នេរនៃរបៀងសេដ្ឋកិច្ចប្រទេសទាំងបី។
កម្ពុជា វៀតណាម ថៃ បាននាំគ្នាលើកឡើងផ្តោតសំខាន់ទៅលើ ៣ចំណុច ទី១ ការសម្រួលការធ្វើដំណើរទាំងអ្នកវិនិយោគ និងទេសចរណ៍ធុរកិច្ច ប្រទេសទាំងបី ឲ្យមានភាពងាយស្រួល ទី២ ពិភាក្សាទៅលើការវិនិយោគក្នុងប្រទេស (CV TEC ) កម្ពុជា វៀតណាម ថៃ ក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយ និងទីផ្សារក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក សម្រាប់ប្រទេស កម្ពុជា វៀតណាម ថៃ រួមទាំងពិនិត្យលទ្ធភាព ក្នុងការវិនិយោគរបស់ប្រទេសទាំងបី ក៏ដូចជាការទាក់ទាញវិនិយោគខាងក្រៅចូលមកកាន់ CV TEC និងពិនិត្យមើលលទ្ធភាពឱកាស និងបញ្ហាប្រឈមដើម្បីជួយគ្នា និងទី៣ កិច្ចពិភាក្សាស៊ីជម្រៅយន្តការដំណើរការរៀបចំធ្វើយ៉ាងណាឱ្យប្រទេសទាំងបីដំណើរការទៅដោយរលូន។
កិច្ចប្រជុំនៃប្រទេសទាំងបី បានជ្រើសរើសតំណាងប្រទេសនីមួយៗ បង្កើតជាក្រុមការងារបច្ចេកទេសអធិការដ្ឋាន (CV TEC) ដើម្បីទំនាក់ទំនងគ្នា ធ្វើការរួមគ្នា ឈានទៅដល់ការរៀបចំផែនការទីផ្សារមួយរបស់ប្រទេសទាំងបី ក្នុងផែនការរៀបចំផ្សព្វផ្សាយសក្តានុពលនានារបស់ប្រទេសនីមួយៗ ជាកិច្ចការរួមមួយក្នុងការទាក់ទាញសម្បូរទៅដល់ផលិតកម្ម ផលិតផល សុំបបែប ដើម្បីបង្កើតជាព្រឹត្តិការណ៍រួមគ្នា ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍មកកាន់ខេត្តតំបន់ឆ្នេរនៃប្រទេសទាំងបី។
នេះជាឱកាសជួបជុំគ្នា ដើម្បីស្វែងរកដៃគូ ផ្លាស់ប្ដូរ នៃការវិនិយោគ និងអភិវឌ្ឍន៍នៃប្រទេសទាំងបី រវាងអ្នកលក់អ្នកទិញ សេវាកម្មទេសចរណ៍ មកពីប្រទេសវៀតណាម កម្ពុជា ថៃ និងមានបណ្ដាក្រុមហ៊ុនធំៗជាតិ អន្តរជាតិជាង ២៧ ក្រុមហ៊ុន។
គួរបញ្ជាក់ថា នេះគឺលើកទីមួយ ដែលប្រទេសទាំងបី វៀតណាម កម្ពុជា ថៃ CVTEC ជួបគ្នានៅលើទឹកដីខេត្តព្រះសីហនុ រួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងកីឡា នៅពេលនេះ ដែលពិតជាបានបង្កើតនូវព្រឹត្តិការណ៍បរិយាកាសសប្បាយរីករាយ និងទាក់ទាញការវិនិយោគ និងទេសចរណ៍មកកាន់ខេត្តតំបន់ឆ្នេរមួយនេះ ឲ្យកាន់តែច្រើន បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ក៏ដូចជាលើកមុខមាត់វិស័យទេសចរណ៍ និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត៕