Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សឈ្នះឆ្នោតនៅថៃ ចុះកិច្ចព្រមព្រៀមជាមួយសម្ពន្ធភាពបក្សប្រឆាំង ឆ្ពោះទៅបង្កើតរដ្ឋាភិបាល

spot_img

រាជធានីបាងកក៖  ថ្វីបើគណបក្សឆ្ពោះទៅមុខ បានទទួលសំឡេងគាំទ្រច្រើនជាងគេ នៅក្នុងការបោះឆ្នោត នៅក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា កន្លងទៅនេះយ៉ាងណាក្ដី ប៉ុន្ដែនៅតែមិនមានអាសនៈគ្រប់គ្រាន់ តាមច្បាប់កំណត់ ដោយមានសំឡេង ភាគច្រើន យ៉ាងតិច៣៧៦អាសនៈ នៅក្នុងចំណោមសមាជិកសភា ៥០០អាសនៈ និង ព្រឹទ្ធសភា ចំនួន២៥០អាសនៈ សម្រាប់បង្កើតរដ្ឋាភិបាលថ្មី ហើយឥឡូវ គណបក្សប្រឆាំងមួយនេះ នឹងចុះហត្ថលេខាលើអនុស្សរណៈជាមួយនឹងគណបក្ស ចំនួន៧ផ្សេងទៀត។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ថា  គណបក្សសម្ពន្ធភាពចំនួន ៨ នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) នៅថ្ងៃចន្ទ។ ប្រធានបទដ៏ចម្រូងចម្រាស សម្រាប់ការធ្វើវិសោធនកម្មលើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ក្លាយជាការសន្យាដ៏សំខាន់មួយរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) ហៅកាត់ MFP ហើយគេនឹងមិនរំពឹង ថា នឹងរាប់បញ្ចូល នៅក្នុងកិច្ចព្រមព្រៀង MoU នេះទេ។

បើតាមប្រភពព័ត៌មានផ្សេងៗ បានរាយការណ៍ ថា បណ្ដាគណបក្សប្រឆាំងផ្សេងៗ នៃសម្ពន្ធភាពរបស់គណបក្សឆ្ពោះទៅមុខ នឹងជួបប្រជុំគ្នា នៅក្នុងសណ្ឋាគារ Conrad Bangkok (ខុនរេដ បាងកក) នៅថ្ងៃចន្ទនេះ ដើម្បីចុះកិច្ចព្រមព្រៀង លើអនុស្សរណៈ នៃការយោគយល់គ្នា។ សម្ពន្ធភាពគណបក្សប្រឆាំងទាំង៨នេះ មានដូចជា គណបក្សឆ្ពោះទៅមុខ (MFP), គណបក្សភឿថៃ (Pheu Thai), គណបក្សប្រាចាឆាត (Prachachart), គណបក្សថៃសាងថៃ (Thai Sang Thai), គណបក្សសេរីរួមថៃ (Seri Ruam Thai), គណបក្សយុត្ដិធម៌ (Fair Party), គណបក្សផាឡាងសាងខុមម៉ៃ (Palang Sangkhom Mai) និង គណបក្សភឿថៃរួមហ្វាឡាង (Pheu Thai Ruam Phalang)។ សម្ពន្ធភាពគណបក្សប្រឆាំងទាំងនេះ បានឈ្នះអាសនៈសរុប៣១៣ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។

ការធ្វើវិសោធនកម្មលើមាត្រា១១២ ក៏នឹងត្រូវបានដកចេញ អំពីផែនការសកម្មភាពរបស់គណបក្ស MFP សម្រាប់រយៈពេល១០០ថ្ងៃដំបូងរបស់ខ្លួន នៅក្នុងការកាន់តំណែង ប្រសិនបើគណបក្សនេះ ក្លាយជារដ្ឋាភិបាល គ្រប់គ្រងអំណាច នៅក្នុងប្រទេសថៃ។ បន្ថែមពីលើនេះ គណបក្សឆ្ពោះទៅមុខ មិនមើលឃើញច្បាប់ ជាបញ្ហារសើប សម្រាប់ពេលវេលានោះទេ ព្រោះវាទាមទារឲ្យមានការពិចារណាយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត។

ដៃគូសម្ពន្ធភាពគណបក្សប្រឆាំងទាំងនេះ បានព្រមព្រៀងគ្នា គាំទ្រដល់លោក ភីថា លីមចារឿនរ៉ាត (Pita Limcharoenrat) ជានាយករដ្ឋមន្រ្ដីបន្ទាប់ ក្រោយពេលគណបក្សឆ្ពោះទៅមុខ បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ចំណែក MoU នេះ ក៏នឹងរៀបចំផែនការណែនាំ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងចំណោមដៃគូចម្រុះ ហើយដោះស្រាយវិបត្តិជាតិ នយោបាយ សេដ្ឋកិច្ច និងសង្គម។ ដោយឡែក ព័ត៌មានលម្អិតនៃ MoU ត្រូវបានគេរំពឹង ថា នឹងបង្ហាញកាន់តែច្បាស់ នៅក្នុងកិច្ចប្រជុំ នៅថ្ងៃចន្ទនេះ។

ក្រោមច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានតាក់តែងឡើង នៅក្នុងឆ្នាំ២០១៧ ក្រោយការធ្វើរដ្ឋប្រហារយោធា គឺសមាជិកព្រឹទ្ធសភា មានសិទ្ធិអំណាច ចូលរួមជាមួយនឹងសមាជិកសភា  ជ្រើសរើសនាយករដ្ឋមន្រ្ដីបន្ទាប់។ ជាមួយគ្នានេះ លោក ប្រាស៊ើត ចាន់តារ៉ារួងថុង (Prasert Chantararuangthong) អគ្គលេខាធិការគណបក្សភឿថៃ បានបញ្ជាក់ ថា គណបក្ស MFP គួរតែគិតពិចារណាឡើងវិញ អំពីផែនការរបស់ខ្លួន ដើម្បីដាក់បញ្ចូលសំណើ ធ្វើវិសោធនកម្ម លើមាត្រា១១២ នៃ MoU នេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×