ភ្នំពេញ៖ គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI) កំពុងរុញច្រាន់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជាជាពិសេស តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលជាគម្រោងដ៏លេចធ្លោមួយនៅកម្ពុជា គឺបានស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI)នេះ ដែលមិនត្រឹមតែបានរុញច្រាន ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI) ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនម៉ឺននាក់នៅក្នុងស្រុក។

ថ្លែងក្នុងពិធីគម្រប់ខួប១០ឆ្នាំ របស់គំនិតផ្តួចផ្តើម BRI ដែលធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា តំបន់ឧស្សាហកម្មគឺជាគំរូដ៏ល្អ នៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ រវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើម BRI។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ជាតំបន់ឧស្សាហកម្មធំជាងគេនៅកម្ពុជា បើគិតពីទំហំ និងការកាន់កាប់ គឺជាគម្រោងគំរូមួយនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងកម្ពុជា ដែលស្ថិតក្រោមគំនិតផ្តួចផ្តើម BRI។

លោក Cao Jianjiang អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ បានឲ្យដឹងថា ទំហំទឹកប្រាក់នៃការនាំចូល និងការនាំចេញដែលឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសនេះ បានកើនឡើងដល់ ២,៤៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា នឹងជួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ទាក់ទាញការវិនិយោគបន្ថែមទៀត ដោយផ្តល់អាទិភាពលើពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម។

តំបន់សេដ្ឋកិច្ចពិសេសនេះក្រុងព្រះសីហនុ SSEZ បច្ចុប្បន្ននេះ មានរោងចក្រចំនួន ១៧៥ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បានជួយបង្កើតការងារក្នុងស្រុកជិត៣០.០០០ ការងារ។ ហើយបណ្តាសហគ្រាសនៅក្នុងនោះ បានផលិតសំលៀកបំពាក់ ស្បែកជើង អីវ៉ាន់ និងស្បែក សម្ភារៈពេទ្យ គ្រឿងចក្រ សម្ភារៈសំណង់ គ្រឿងសង្ហារិមក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត និងសម្ភារៈផ្សេងៗទៀត៕