ភ្នំពេញ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំទឹកប្រាក់សរុប ២,៤៣ពាន់លានដុល្លារ កើនឡើង ៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យដដែល បានឲ្យដឹងទៀតថា ក្នុងនោះ ការនាំទំនិញពីកម្ពុជា មានចំនួន ១,១៨ លានដុល្លារ កើនឡើង២០,៩ភាគរយ និងការនាំចូលទំនិញពីវៀតណាម មានចំនួន ១,២៤ ពាន់លានដុល្លារ បានធ្លាក់ចុះ ៥,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាម មានទំហំទឹកប្រាក់ បានកើនឡើងជាបន្តបន្ទាប់ ដែលកំណើននេះ សបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ សម្រាប់កំណើនការនាំចេញទំនិញកម្ពុជាទៅវៀតណាម គឺភាគច្រើននាំចេញកសិផល ដូចជា ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និងស្វាយចន្ទី ជាដើម។

កសិផល នឹងក្លាយជាទំនិញដ៏សំខាន់របស់កម្ពុជាក្នុងការបង្កើនឧត្តមភាពការនាំចេញទៅវៀតណាម។ បច្ចុប្បន្នវៀតណាម ក៏ជាទីតាំងនៃការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ ស្របពេលដែលវៀតណាម គឺជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មធំទី៣ ជាមួយកម្ពុជា តាមពីក្រោយប្រទេសចិន និងអាម៉េរិក។

គួរបញ្ជាក់ថា កសិផល គឺជាទំនិញចម្បងគេដែលកម្ពុជានាំចេញទៅវៀតណាម ចំណែកផលិតផលវៀតណាម នាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម៕