ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភជាង ១ពាន់លានដុល្លារអាមេរិក ជូនប្រជាពលរដ្ឋគោលដៅ គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ។

គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយចំណាយថវិការដ្ឋអស់ចំនួន ៤ ២២៧ ០៤៧ ៤៣១ ០០០ រៀល ស្មើនឹងប្រមាណ ១ ០៥៦ លានដុល្លារអាមេរិក។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើសេចក្កីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី១៣ លើកទី១ និងការបើកសាច់បក់ ជុំទី១៣ លើកទី២ ដែលសរុបជុំទី១៣ នេះស្មើនិង៣៥លើករួចមកហើយ។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១៣ជុំ មាន ៣៥លើក រួចមកហើយ។
បើតាមប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ការបើកផ្ដល់ជុំទី១៣ លើកទី១ ត្រូវ បានបញ្ចប់។ ព្រមជាមួយគ្នានេះផងដែរ សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានរយៈពេល៣០ថ្ងៃ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ (៣៥លើក) អស់ថវិការដ្ឋចំនួន ៤ ២២៧ ០៤៧ ៤៣១ ០០០ (បួនពាន់ពីររយម្ភៃប្រាំពីរប៊ីលាន សែសិបប្រាំពីរលាន បួនរយសាមសិបមួយពាន់រៀលគត់) ស្មើនឹង ១ ០៥៦.៧៦ លានដុល្លារអាមេរិក៕


