Monday, June 5, 2023

កូនភ្លោះ ២នាក់ ធ្វើខន់ថេនត៍វីដេអូ បន្លំខ្លួនចូលញ៉ាំប៊ុហ្វហ្វេ ម្ដងម្នាក់ តែបង់លុយតែ ១នាក់ ពេលដឹង ម្ចាស់ហាងមិនខឹង បែរជាសរសើរវិញ

spot_img

កាលពីពេលថ្មីៗនេះ កូនភ្លោះ ១គូ មកពីមណ្ឌលហ៊ើណាន ប្រទេសចិន ដែលជាបុគ្គលល្បីឈ្មោះក្នុងពិភពអនឡាញ បានអាប់ឡូតវីដេអូនៅក្នុងប្លាតហ្វ៉ម Bilibili ឈ្មោះថា “កូនភ្លោះចែកគ្នាចេញលុយ ឆ្លាស់គ្នាញ៉ាំប៊ុហ្វហ្វេបានអត់?” ជាឃ្លីបវីដេអូខ្លីៗប្រមាណជាង ២នាទី ដោយមានអ្នកចូលទស្សនាច្រើនដល់ទៅជាង ៤លានវីយូឯណោះ។

នៅក្នុងឃ្លីប កូនភ្លោះទាំង២ បានធ្វើភារកិច្ចឆ្លាស់គ្នា ចូលទៅញ៉ាំអាហារនៅក្នុងហាងប៊ុហ្វហ្វេមួយក្នុងផ្សារទំនើប និងបង់លុយតែក្នុងតម្លៃមនុស្ស ១នាក់ប៉ុណ្ណោះ បានន័យថា ញ៉ាំ ២នាក់ តែបង់លុយតែ ១នាក់ ដោយពួកគេជ្រើសរើសចូលទៅញ៉ាំនៅក្នុងហាងប៊ុហ្វហ្វេបែបដើរយកម្ហូបខ្លួនឯង ក្នុងតម្លៃ ១នាក់ ៣៣យន់ ប្រមាណ ៤ដុល្លារ។

ទាំង ២នាក់បានរៀបចំស្លៀកពាក់ និងតុបតែងខ្លួនឱ្យមើលទៅដូចគ្នាបំផុត ទាំងម៉ូដសក់ ខោអាវ និងស្បែកជើង បន្ទាប់ពីនោះក៏ឱ្យកូនភ្លោះបង ចូលទៅញ៉ាំអាហារមុន លុះពេលឆ្អែតហើយ ក៏ប្រាប់បុគ្គលិកហាងថា ទៅចូលបន្ទប់ទឹកមួយភ្លែត ហើយឆ្លៀតឱកាសនោះ ក៏ឱ្យកូនភ្លោះប្អូនដើរចូលទៅញ៉ាំម្ដង។

កូនភ្លោះប្អូនធ្វើដូចជាទើបដើរចេញពីបន្ទប់ទឹក ហើយចូលទៅអង្គុយនៅតុដដែល និងញ៉ាំអាហារបន្ត ធ្វើដូចគ្មានរឿងអ្វីកើតឡើង សូម្បីតែបុគ្គលិកដើរទៅមក ក៏គ្មានអ្នកណាម្នាក់នឹកសង្ស័យដែរ។ ទីបំផុត គេក៏ដើរទៅបង់លុយថ្លៃម្ហូបអាហារ និងដើរចេញពីហាងទៅយ៉ាងធម្មតាៗ មុននឹងទាំង ២នាក់ប្រកាសថា ជយោ! ធ្វើបានសម្រេចហើយ!។

តែយ៉ាងណាក្ដី កូនភ្លោះទាំង២ បានត្រឡប់ទៅសារភាពការពិតប្រាប់ម្ចាស់ហាងថា ការពិតពួកគេមកថតឃ្លីបវីដេអូធ្វើខន់ថេនត៍ ដើម្បីបង្ហោះក្នុងបណ្ដាញសង្គមទេ ចំណែកឯម្ចាស់ហាងនៅពេលបានដឹងហើយ ក៏មិនបាននឹកខឹងសម្បាអ្វីឡើយ ថែមទាំងអស់សំណើចយ៉ាងខ្លាំង និងសរសើរខន់ថេនត៍របស់កូនភ្លោះទាំង២ ថាល្អ គួរឱ្យចាប់អារម្មណ៍ទៀតផង ខណៈដែលកូនភ្លោះទាំង២ ក៏ទទួលខុសត្រូវដោយការបង់លុយគ្រប់ចំនួនមនុស្សទៅម្ចាស់ហាងវិញដែរ៕

×