Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ២ភូមិប្រមូលផ្តុំគ្នាតវ៉ាសាឡង់បូមខ្សាច់ បង្កឱ្យបាក់ច្រាំងទន្លេ និងដឹកខ្សាច់ខូចខាតផ្លូវក្នុងភូមិ

spot_img

កណ្តាល​៖ ប្រជាពលរដ្ឋប្រមាណជាជិត១០០នាក់ មកពីភូមិព្រែកត្រែង សង្កាត់សិត្បូ និងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រមូលផ្តុំគ្នាតវ៉ាទៅនឹងសាឡង់បូមខ្សាច់ និងរថយន្តដឹកខ្សាច់ ដែលធ្វើឱ្យបាក់ច្រាំងទន្លេនិងខូចខាតផ្លូវនៅក្នុងភូមិរបស់ពួកគាត់។

លោកស្រី ថន ណារិន អាជីវករលក់ថ្នាំពេទ្យដែលបានចូលរួមក្នុងការតវ៉ានោះបានលើកឡើងថា ទាំងពេលកន្លងមកនិងពេលបច្ចុប្បន្ននៅតាមបណ្តោយទន្លេបាសាក់ មានសកម្មភាពបូមខ្សាច់ទន្លេយ៉ាងសកម្ម ពាសពេញផ្ទៃទឹកទាំងពេលយប់និងពេលថ្ងៃ រំខានដល់ការរស់នៅរបស់ពលរដ្ឋ ជាពិសេសបង្ករឱ្យបាក់ស្រុតផ្ទះពលរដ្ឋមួយចំនួន និងបង្ករការខូចខាតផ្លូវជាតិ ២១អា យ៉ាងធ្ងន់ធ្ងរដោយសារតែការដឹកជញ្ជូនខ្សាច់ឥតឈប់ឈរ។

ជាមួយគ្នានេះលោកស្រី ប៉ុស ស្រីរ័ត្ន អ្នកភូមិម្នាក់ទៀតដែលបានចូលរួមក្នុងការតវ៉ាខាងលើ បានឱ្យដឹងដែរថា បច្ចុប្បន្នរថយន្តដឹកខ្សាច់ចេញពីសាឡង់បូមខ្សាច់ខាងលើ បានបង្ករការខូចខាតផ្លូវទាំងស្រុង ពេលមានភ្លៀងធ្លាក់ផ្លូវក្លាយទៅជាបែកភក់គ្រហេងគ្រហូង បង្ករការលំបាកក្នុងការធ្វើដំណើររបស់ពលរដ្ឋ ពិសេសបង្ករការលំបាកដល់កុមារតូចៗ ពេលជិះកង់ទៅរៀនម្តងៗ ប៉ុន្តែនៅពេលគ្មានភ្លៀងមេឃក្តៅខ្លាងផ្លូវក្លាយជាដីហុយដូចពពកចុះអាប់ រថយន្តបើកបរលុះត្រាតែបើកភ្លើងដូចពេលយប់ទើបបើករថយន្តកើត។ កត្តានេះបង្ករឱ្យពួកគាត់ងាយកើតជំងឺផ្តាសាយ ជំងឺហឺត និងរបេងសួត ជាដើម ។

ដោយសារតែបការបង្ករបញ្ហាដូច្នេះហើយ ទើបពួកគាត់ស្នើសុំក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍មកអាជ្ញាធរខេត្តកណ្តាល បិទអាជីវកម្មខ្សាច់អោយអស់ចេញពីដងទន្លេបាសាក់។ ស្នើឱ្យសងការខូចខាតការបាក់ដី ឬផ្ទះប្រជាពលរដ្ឋរងគ្រោះតាមការជាក់ស្តែង និងចុងក្រោយស្នើឱ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មបូមខ្សាច់ធ្វើការជួសជុលផ្លូវ២១អា ឱ្យបានស្អាតដូចដើមឡើងវិញ។

ឆ្លើយតបការលើកឡើងរបស់ពលរដ្ឋ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា ករណីនេះលោកនឹងចាត់ឱ្យមន្រ្តីបរិដ្ឋានសហការជាមួយអាជ្ញាធរក្រុង ត្រូវចុះទៅពិនិត្យនិងស្រោចទឹកលើដងផ្លូវជូនពលរដ្ឋជាប្រចាំ ជៀសវាងកុំឱ្យមានការរំខានដល់ពួកគាត់។ ហើយបើពិនិត្យឃើញថាផ្លូវក្នុងភូមិខាងលើពិតជាខូចខាត ដោយសាររថយន្តដឹកខ្សាច់នោះមែន លោកនឹងអន្តរាគមន៍ទៅម្ចាស់ដេប៉ូទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជួយចេញជាបដិភាគក្នុងការកសាងផ្លូវជូនពលរដ្ឋវិញ។

ឯកឧត្តមបន្តថា អាជ្ញាប័ណ្ណបូមខ្សាច់គឺអនុញ្ញាតបូមចាប់ពីម៉ោង៦.០០ព្រឹក ដល់ម៉ោង៦.០០ល្ងាចតែប៉ុណ្ណោះ ប្រសិនបើមានបូមពេលយប់គឺអាការបំពានលើអាជ្ញាប័ណ្ណ ដែលករណីនេះ ឯកឧត្តមស្នើឱ្យពលរដ្ឋ តាមដានសកម្មភាពនេះឱ្យជាប់ បើសិនជាមាការបូមពេលយប់ត្រូវរាយការមកអាជ្ញាធរជាបន្តបន្ទាន់ដើម្បីចុះទៅអន្តរាគមន៍អោយទាន់ពេល៕

spot_img
×